CAMSOC-ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា៣នាក់នឹងត្រូវចេញទៅហ្វឹកហាត់រយៈពេល៣ខែ នៅប្រទេសបារំាង ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលពន្យារពេលទៅចុងខែមេសាដល់ដើមខែឧសភា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ជាថ្មីនៅថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
លោកបន្ថែមថា «តាមពិតគម្រោងនេះត្រូវចេញដំណើរនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ប៉ុន្តែដោយសារការស្នើសុំទិដ្ឋាការពីស្ថានទូតបារំាងមិនទាន់បាន ដូច្នេះទើបយើងពន្យាពេលចេញទៅចុងខែសីហានេះ ឬខែកញ្ញាខាងមុខវិញ»។ ជម្រើសជាតិទាំង៣នាក់នេះ រួមមាន៖ កីឡាករ សៅ រង្សី អាយុ ២១ឆ្នាំ ប្រភេទទម្ងន់ ៥២ គីឡូក្រាម, កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំ ប្រភេទទម្ងន់ ៦៤ គីឡូក្រាម និងកីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ប្រភេទទម្ងន់ ៦៩ គីឡូក្រាម។ នៅក្នុងអំឡុងពេលហ្វឹកហាត់នោះ កីឡាករទាំងនោះក៏មានឱកាសបានចូលរួមប្រកួតប្រដាល់សកលលក្ខណៈអាជីពរបស់ប្រទេសបារំាងទៀតផង ដើម្បីគោលដៅបង្កើនបច្ចេកទេសកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេម នាពេលខាងមុខ។
«ចំពោះថ្លៃសំបុត្រយន្តហោះ ហូបចុកស្នាក់នៅប្រទេសបារំាងរយៈពេលហ្វឹកហាត់នេះទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) រីឯប្រាក់ឧបត្ថម្ភប្រចាំខែទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា»។ នេះការអះអាងបន្ថែមរបស់លោក ប៊ុយ សុភ័ណ្ឌ។
អគ្គលេខាធិការរូបអះអាងថា ការហ្វឹកហាត់នៅប្រទេសបារំាងនេះនឹងជួយជំរុញដល់គុណភាពបច្ចេកទេសរបស់កីឡាករទាំង៣នេះកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២២។ ប្រភេទកីឡាប្រដាល់សកលកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង កាលពី ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយអគ្គលេខាធិការរូបនេះចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីៗ ដែលកើតចេញពីការខិតខំប្រឹងរួមគ្នារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឆន្ទៈខិតខំហ្វឹកហាត់ និងប្រកួតរបស់ក្រុមជម្រើសជាតិសកលកម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីគម្រោងហ្វឹកហាត់នៅក្រៅប្រទេសនេះ ក៏ក្រុមកីឡាករ កីឡាការិនីមួយចំនួនទៀត ក៏ហ្វឹកហាត់ត្រៀម នៅក្នុងស្រុកផងដែរ ដើម្បីគោលដៅបង្កើនមេដាយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍រៀងរាល់ពីរឆ្នាំម្តងនេះ នៅវៀតណាម ហើយក៏ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕
មតិយោបល់