(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្រេចអនុញ្ញាតហើយសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ស្របពេលកំពុងទប់ស្កាត់កើនឡើងជាថ្មីនូវករណីឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta។
ការអនុញ្ញាតខាងលើធ្វើឡើងនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ។ ប្រជាជនអាមេរិកមួយចំនួនដែលមានជំងឺប្រចាំកាយ, ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណាដែលត្រូវបាន
កំណត់ថាមានប្រព័ន្ធភាពសុំាទន់ខ្សោយនឹងទទួលបានការចាក់វ៉ាក់សាំងដូសទី៣។
អង្គការសុខភាពពិភពលោក WHO ធ្លាប់បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងពន្យារពេលការចាក់វ៉ាក់សាំងដូសទី៣ រហូតដល់ចុងខែកញ្ញា។ ប៉ុន្តែ ប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Delta បណ្ដាប្រទេសជាច្រើនក្រៅពីសហរដ្ឋអាមេរិក ដូចជាអ៉ីស្រាអែល អាល្លឺម៉ង់ ថៃ និងកម្ពុជាដើម បានអនុញាតឱ្យចាក់ដូសទី៣រួចទៅហើយ ក្រោមលក្ខខណ្ឌបន្ទាន់៕
ប្រភព៖ Reuters
មតិយោបល់