ព័ត៌មានជាតិ

ស្តាប់រដ្ឋមន្រ្តីក្រសួងកសិកម្មលើកឡើងពីបញ្ហាតម្លៃស្រូវអង្ករ ដែលជាបញ្ហាក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ

ភ្នំពេញៈ បញ្ហាតម្លៃស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាបញ្ហាមួយដែលបានកើតឡើងយ៉ាងក្តៅគគុកនៅចំពោះមុខ ហើយរាជរដ្ឋាភិបាលបានកំពុងរកដំណោះស្រាយដោយបញ្ចេញនូវថវិកាជាតិចំនួន២០លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ ជុំវិញកង្វល់តម្លៃនិងទីផ្សា នៃកសិផលស្រូវអង្កររបស់កម្ពុជា ហើយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងការចូលរួមទទួលខុសត្រូវលើបញ្ហានេះផងដែរ។

នៅពេលថ្មីនេះមានប្រកាសជួយទិញផលស្រូវអង្ក ពីស្ថាប័នរដ្ឋ ពីមន្រ្តី ក៏ដូចជាធុរជននានា ដើម្បីឱ្យតម្លៃកសិផលស្រូវអង្ករមានភាពប្រសើរឡើងវិញនោះ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នាទីស្តីការក្រសួងថា បញ្ហានេះជាប្រធានបទមួយគ្របដណ្តប់នៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដែលត្រូវដោះស្រាយឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាជនរបស់យើង។

លោករដ្ឋមន្រ្តីថា ពិនិត្យជាទូទៅចំពោះបញ្ហាតម្លៃស្រូវអង្ករនេះ គឺចាប់ផ្តើមពីតម្លៃសកលដែលបានចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោងនេះ ហើយប្រទេសនីមួយៗក៏បាននិងកំពុងរឹតបណ្តឹង ក៏ដូចជាមានវិធានការយ៉ាងតឹងរ៉ឹងមុនពេលបញ្ជូនអង្កឬនាំចេញក្រៅ ព្រោះបច្ចុប្បន្នគេត្រូវការពិនិត្យលើគុណភាពជាចម្បង មិនថាប្រទេសណានោះទេ ។

លោកសង្កត់ធ្ងន់ថា អ្វីដែលបានកើតឡើងនេះ គឺយើងមិនអាចនឹកស្មានដល់ថា អាចកើតរឿងរ៉ាវមួយមិនគួរកើត ដែលប៉ុន្មានឆ្នាំមុនកម្ពុជាស្ថិតក្នុងស្ថានភាពមួយនាំគ្នាគិតគូរយ៉ាងយកចិត្តទុកដាក់ ដោះស្រាយអំពីបញ្ហាសន្តិសុខស្បៀង ខណៈកម្ពុជាបានចាប់ផ្តើមកសាងសេដ្ឋកិច្ចពីចំណុចសូន្យចេញមក ដោយចាប់ដៃជាមួយប្រទេសជាដៃគូធ្វើយ៉ាងណាឱ្យសន្តិសុខស្បៀងរបស់កម្ពុជាគ្រប់គ្រាន់ ដោយរក្សាបាននូវកំណើនមួយល្អប្រសើរក្នុងរង្វង់៧ភាគរយ ហើយអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសរួមគ្នាដោះស្រាយនូវរាល់បញ្ហា។

លោករដ្ឋមន្រ្តីបញ្ជាក់ថា បញ្ហាតម្លៃស្រូវអង្ករមិនមែនជាបន្ទុកឬការទទួលខុសត្រូវដាច់មុខរបស់ក្រសួង ស្ថាប័នណាមួយនោះទេ វាជាការួមចំណែកចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហានេះ ហើយរាជរដ្ឋាភិបាលក៏មិនដែលព្រងើយកណ្តើយលើបញ្ហានេះដែរ ។ បញ្ហាប្រឈមទី១របស់យើងគឺ ពាក់ព័ន្ធទៅនឹងកត្តាស្រូវយើងមានការលាយឡំគ្នាច្រើនពូជ ដែលនោះជាយន្តសាស្រ្តដោះស្រាយសម្រាប់សន្តិសុខស្បៀង ប៉ុន្តែនៅពេលនេះការវិវត្ត នៃតម្រូវការរបស់ភាគីទទួលទិញគេត្រូវការគុណភាព ដែលយើងមិនទាន់អាចឆ្លើយតបបានទាំងស្រុងនៅឡើយ ទាមទារឱ្យកម្ពុជាពិនិត្យពូជស្រូវ សម្រាប់ផលិតឱ្យត្រូវនឹងទីផ្សារ។

លោកវេង សាខុន បញ្ជាក់ថា វិបត្តិនេះមិនដឹងថានឹងបញ្ចប់បាននៅពេលណានោះទេ ទាមទាពេលវេលាមួយយូរ ហើយដោះស្រាយទៅតាមលទ្ធភាពដោយមិនបណ្តោយបញ្ហាបន្តនៅរាំងស្ទះបាននោះទេ ហើយស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់មានភាពស្មោះត្រង់ វៃឆ្លាត និងផ្តល់ភាពជឿទុកចិត្តពីភាគីទទួលទិញ នោះទើបយើងអាចដោះស្រាយបញ្ហាតម្លៃកសិផលនេះបានល្អប្រសើរជាលំដាប់ ។
យ៉ាងណាក៏ដោយលោកថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នជាសេនាធិការ នឹងរកយន្តការដើម្បីជួយដល់វិស័យឯកជន ក្នុងការកាត់បន្ថយការចំណាយខ្ពស់មុនការនាំចេញ ស្ថាប័នពាក់ព័ន្ធនឹងបន្តសិក្សាទីផ្សារដោយភាពឆ្លាតវៃ ទៅលើបណ្តារប្រទេសជិតខាង អ្វីដែលគេធ្វើបាន អ្វីដែលយើងធ្វើមិនទាន់បាន ពិសេសជួយដល់កសិករលើផ្នែកបច្ចេកទេស ការផលិត ពូជ ដោយផ្លាស់ប្តូរផ្នត់គំនិតនៃការផលិតតាមទំលាប់ឱ្យទៅជាកសិកម្មបែបទំនើប និងមានគុណភាព ហើយយើងក៏រួមគ្នាបន្តទប់ស្កាត់នូវរាល់បញ្ហាទាំងឡាយដែលនាំឱ្យតម្លៃស្រូវអង្គរបស់កម្ពុជាមានហានិភ័យ ឬបញ្ហាប្រឈមតទៅទៀត ទៅតាមលទ្ធភាព និងសមត្ថភាពដែលកម្ពុជា៕

photo_2016-09-21_19-01-50photo_2016-09-21_19-01-53photo_2016-09-21_19-01-56

មតិយោបល់