ក្រុមតាលីបង់បាននិយាយនៅថ្ងៃសុក្រថាការវាយលុករយៈពេលមួយយប់របស់ខ្លួនបានកាន់កាប់ទីរួមខេត្តសំខាន់ៗចំនួន៥នៅប្រទេសអាហ្វហ្គានីស្ថានរួមមានទីរួមខេត្ត Kandahar, Herat, Qahar-e-Naw, Lashkar Gah និងទីរួមខេត្ត Ghazni ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់។
ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យពួកបះបោរអ៊ីស្លាមខិតកាន់តែជិតទៅរដ្ឋធានីកាប៊ុលដែលរដ្ឋាភិបាលលោកប្រធានាធិបតី Ashraf Ghani ដែលត្រូវឡោមព័ទ្ធនឹងមិនឆ្លើយសំណួររបស់បណ្តាញព័ត៌មានអំពីស្ថានភាពនៅសមរភូមិទេ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃសុក្រថាការរុលទៅមុខរបស់ក្រុមតាលីបង់បានធ្វើឲ្យក្រុមបះបោរនេះ ត្រួតត្រាខេត្តចំនួន១៤នៃខេត្តចំនួន៣៤របស់អាហ្វហ្គានីស្ថានមួយសប្តាហ៍កន្លងមកនេះ។
លោក Mujahid បានព្រមានថាក្រុមតាលីបង់បានតាំងចិត្តរុលទៅមុខដោយវាយប្រហារកាន់កាប់ខេត្តទាំងអស់ដោយជំរុញឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅក្នុងតំបន់ដែលនៅសេសសល់«បញ្ចប់ការតស៊ូនិងកុំប្រថុយអាយុជីវិត»។
Kandahar ដែលទីក្រុងធំទី២របស់អាហ្វហ្គានីស្ថានបានរងការវាយប្រហាររបស់ក្រុមតាលីបង់ច្រើនថ្ងៃមកហើយ។
កងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានតស៊ូដើម្បីខ្ទប់ការរុលទៅមុខគួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមបះបោរមួយសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austinបាននិយាយជាមួយលោក Ghani ដើម្បីប្រាប់លោកថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយបុគ្គលិកស៊ីវិលនៅក្នុងរដ្ឋធានីកាប៊ុលដោយសារស្ថានភាពសន្តិសុខនេះ។
សេចក្តីថ្លែងការណ៍ក្រោយកិច្ចសន្ទនារបស់ក្រសួងការបរទេសអាមេរិកបាននិយាយថា«លោកBlinken បានបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាគាំទ្រដំណោះស្រាយនយោបាយចំពោះជម្លោះនេះ»។
ក្រុមអ្នករិះគន់និងអ្នកជំនាញយោធាអន្តរជាតិមានការភ្ញាក់ផ្អើលចំពោះវិធីដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលមានការបណ្តុះបណ្តាលដោយស.រ.អា. ដែលបានចំណាយរាប់សិបពាន់លានដុល្លារបានដួលរលំនៅចំពោះមុខការវាយលុករបស់ពួកបះបោរ៕
មតិយោបល់