សំណើចង់អង្កេតសាជាថ្មីរកប្រភពចម្លងកូវីដរបស់អង្គការសុខភាពពិភពលោកមានបង្កប់ឆន្ទៈនយោបាយ មិនមែនជាគំនិតវិទ្យាសាស្ត្រទេ។ ចិនគាំទ្រតែការស្រាវជ្រាវដែលឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ នេះជាប្រសាសន៍របស់លោក ម៉ា ចៅស៊ូ Ma Zhaoxuអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន។
ការអង្កេតរបស់ក្រុមអ្នកជំនាញវិទ្យាសាស្ត្រចិន-អង្គការសុខភាពពិភពលោក កាលពីខែមករា២០២១ បានសន្និដ្ឋានថា មេរោគកូរ៉ូណានៅលើសត្វប្រចៀវ បានឆ្លងមកមនុស្សតាមរយៈសត្វមួយផ្សេងទៀត ជាសេណារីយ៉ូ ទំនងជាងគេ ហើយការធ្លាយវីរ៉ុសចេញពីមន្ទីរពិសោធន៍ ជាសេណារីយ៉ូ ដែលមិនទំនងសោះ។ របាយការណ៍សន្និដ្ឋាននេះ បានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងសហគមន៍អ្នកវិទ្យាសាស្ត្រ។ នេះជាការបញ្ជាក់របស់លោកប្រមុខការទូតចិន ដោយបដិសេធថា គ្មានការអង្កេតសាដើមតាំងពីសូន្យឡើងវិញទេ។ នៅថ្ងៃមុខ ការស្រាវជ្រាវអង្កេតនានា អាចបន្តធ្វើបាននិងត្រូវតែយករបាយការណ៍របស់អ្នកជំនាញអន្តរជាតិនេះជាគោល។
សូមបញ្ជាក់ តាំងពីប៉ុន្មានម៉ោងមកនេះ ចិនរងសម្ពាធជាថ្មីជុំវិញប្រភពចម្លងជំងឺកូវីដ១៩។ “សម្មតិកម្មមេរោគកូរ៉ូណាធ្លាយចេញពីមន្ទីរពិសោធន៍” បានផុសផុលឡើងវិញ។
នៅក្នុងកញ្ចក់ទូរទស្សន៍ដាណឺម៉ាក នាយប់ថ្ងៃព្រហស្បតិ៍ទី ១២សីហា លោក Peter Embatek ប្រធានប្រតិភូអ្នកវិទ្យាសាស្ត្រអន្តរជាតិ ទទួលបន្ទុកចុះទៅស្រាវជ្រាវរកប្រភពជំងឺកូវីដ ដល់ក្រុងវ៉ូហានទីដែលមានករណីឆ្លងដំបូងបង្អស់នៅចុងឆ្នាំ២០១៩ “សម្មតិកម្មមេរោគធ្លាយពីមន្ទីរពិសោធន៍” ជាសេណារីយ៉ូដ៏ទំនងមួយ។ សេណារីយ៉ូ ដ៏ទំនងនោះ គឺ បុគ្គលិកក្នុងមន្ទីរពិសោធន៍ម្នាក់ បានឆ្លងមេរោគកូរ៉ូណាពីសត្វប្រចៀវ នៅកន្លែងធ្វើការ។ នៅវ៉ូហានគ្មានសត្វប្រចៀវរស់នៅក្នុងធម្មជាតិទេ មនុស្សដែលនៅក្បែរប្រចៀវមានផ្ទុកមេរោគនាំឱ្យកើតជំងឺកូវីដ១៩ Sars-Cov-2 គឺអ្នកធ្វើការក្នុងមន្ទីរពិសោធន៍ក្រុង (វ៉ូហាន)។ នេះបើតាមការគូសបញ្ជាក់របស់លោកប្រធានប្រតិភូស្រាវជ្រាវអង្គការសុខភាពពិភពលោក ដែលបានអះអាងថា ពេលបំពេញទស្សនកិច្ចនៅមន្ទីរពិសោធន៍វ៉ូហាន ក្រុមការងារលោកអាចចោទសំណួរគ្រប់បែបយ៉ាង តែពុំអាចឆែកមើលឯកសារអ្វីបានសោះ។
ចំណែកអង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ១២សីហា ថា ដើម្បីអាចបំភ្លឺអំពី “សម្មតិកម្មមេរោគធ្លាយពីមន្ទីរពិសោធន៍” គេចាំបាច់ត្រូវមានទិន្នន័យដើមទាំងអស់។ ការអង្កេតទៅមុខ និងឆាប់រកឃើញប្រភពនៃកូវីដបាន ដរាបណាតែគ្រប់ប្រទេស ជាពិសេសចិន ត្រូវចែករំលែកទិន្នន័យ និងព្រមឱ្យធ្វើវិភាគសំណាក ឡើងវិញ។ ការទទួលនិន្នន័យដើមមិនត្រូវក្លាយជាបញ្ហានយោបាយទេ។ អង្គការសុខភាពពិភពលោក បានស្នើសុំឱ្យគ្រប់ប្រទេសជំនះការខ្វែងគំនិតគ្នា និងធ្វើការរួមគ្នា ដើម្បីផ្តល់និងអាចចូលមើលទិន្នន័យចាំបាច់បាន។ ការវិភាគទិន្នន័យនិងមើលសុវត្ថិភាពនៅគ្រប់មន្ទីរពិសោធន៍ ទូទាំងពិភពលោក រាប់ទាំងចិនផង មានសារៈសំខាន់សម្រាប់សន្តិសុខសមូហភាព។ នេះបើតាមសេចក្តី ថ្លែងការណ៍អង្គការសុខភាពពិភពលោកដដែល៕



មតិយោបល់