ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយ! ញៀនថ្នាំស្រាដល់កម្រឹតបែកគំនិតដុតផ្ទះនិងវាយប្រពន្ធរហូតដល់សន្លប់​​ ត្រូវជាប់ខ្នោះប៉ូលិស

កំពង់ឆ្នាំង: បុរសម្នាក់ ដែលអ្នកស្រុកអះអាងថាញៀនថ្នាំ និងស្រាដល់កម្រឹត បានដុតផ្ទះរបស់ខ្លួនដែលកំពុងរស់នៅបណ្តាលអោយឆេះខ្ទេចទាំងស្រុង និង ប្រើអំពើហឹង្សាទៅលើប្រពន្ធរហូតសន្លប់បាត់ស្មារតីបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះខាងលើត្រូវមន្ត្រីអាជ្ញាធរ និង ប្រជាពលរដ្ឋជួយអន្តរាគមន៍ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

ជនបង្កមានឈ្មោះ សម្បត្តិ សុធី អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងប្រពន្ធមានឈ្មោះ ឌុច ហន ហៅ(ទ្រេន) អាយុ ៤២ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្រ មានកូនចំនួន២នាក់ នៅក្នុងបន្ទុកគ្រួសារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះ តាំងពីរៀបការមកមិនដែលមានសុភមង្គលទេ កូនប្រពន្ធតែងតែរងទុក្ខលំបាក ដោយជនសង្ស័យជាប្តីតែងតែផឹកស៊ីស្រវឹងស្រែកឡូឡា ចាប់បោចសក់ប្រពន្ធទាញទម្លាក់ពីលើគ្រែ ហើយបានយកអង្រែបុកគ្រឿងវាយទៅលើប្រពន្ធចំនួន ២អង្រែ បណ្ដាលអោយសន្លប់បាត់ស្មារតី វាយដំជាន់ធាក់ទៅលើប្រពន្ធកូនជាប្រចាំ ព្រោះតែជនសង្ស័យញៀនថ្នាំ និងញៀនស្រា ។

នៅថ្ងៃកើតហេតុគេឮសម្លេងជនសង្ស័យ ស្រែកឡូឡាហើយបោកទូរទស្សន៍ និងសម្ភារៈក្នុងផ្ទះ និងបានដុតផ្ទះឆេះសន្ធោរសន្ធៅតែម្តង ក្នុងពេលនោះអ្នកភូមិមិនអាចជួយអន្តរាគមន៍ពន្លត់បានឡើយ។
ក្រោយពេលកើតហេតុ អ្នកភូមិបានព័ទ្ធចាប់ជនសង្ស័យ ប្រគល់ទៅអោយប៉ូលីសបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់