ព័ត៌មានជាតិ

ផ្ទុះហិង្សាអ្នកក្លាហានពូកែប្រើពូថៅដៃត្រូវចូលដេកគុក អ្នករបួសចូលដេកពេទ្យ

បាត់ដំបងៈ បុរសជាអ្នកក្លាហានខាងប្រើពូថៅដៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបង្ករ​ហិង្សា​ដោយ​ចេតនា មានស្ថានទម្ងន់ទោសធ្ងន់ កាប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យ រយះក្បាល ត្រូវបានគេបញ្ជូន​ទៅ​សង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច ភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះគីម លីចេង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ រស់នៅក្នុងភូមិឃុំ​កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ មឿន ភ័ស្ស ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំជា​មួយគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គឺជនទាំងពីរនាក់នេះបានជួប​ជុំគ្នាធ្វើការ​ផឹកស៊ីទាំងថ្ងៃ ដែលការផឹកស៊ីនេះបានអូសបន្លាយពេលរហូតដល់ថ្នាក់ម្នាក់ៗមានសភាពស្រវឹងទៅហើយ បន្ទាប់មក​ក៏បានលែបខាយ ពាក្យសម្តីឌឺដងដាក់គ្នា ដោយជនរងគ្រោះបាននិយាយមើលងាយទៅលើជនសង្ស័យថា ទៅខ្លាច​អី អាមាឌតូចល្អិតបែបនេះ។ គ្រាន់តែនិយាយចប់ជនសង្ស័យមិនបានមាត់ក អ្វីនោះទេព្រោះខ្លួនមានមាឌតូចល្អិត​ដូចគេមើលងាយមែន រួចក៏ដើរទៅទាញពូថៅមកកាប់តម្រង់ទៅលើក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យត្រូវមួយ​ហៀង​ពូថៅ រយះឈាមស្រោចប្រាណ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី៥ ដើម្បីសង្គ្រោះ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុក ធ្វើការឃាត់ខ្លួនតែម្តងដើម្បី​ធ្វើការសាក​សួរ និងកសាងបញ្ជូនខ្លួនរួមនឹងទាំងវត្ថុតាង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការតាមផ្លូវ​ច្បាប់ ៕

ផ្ទុះហិង្សាផ្ទុះហិង្សាផ្ទុះហិង្សា

មតិយោបល់