ព័ត៌មានកីឡា

Schweinsteiger ទោះជាប់បញ្ជី២៥នាក់ តែនៅមិនបានលេងដដែល

Bastian Schweinsteiger បានជាប់ឈ្មោះក្នុងបញ្ជី២៥នាក់របស់លោក Jose Mourinho វិញហើយ បន្ទាប់ពីគ្មានឈ្មោះអស់មួយរយ:មកនេះ។ តែទោះជាយ៉ាងនេះក្ដី ខ្សែបម្រើរូបនេះនៅតែមិនបានចូលលេងដដែល ព្រោះការជាប់ឈ្មោះនេះគ្រាន់តែជាការដាក់ឱ្យបានពេញចំនួនប៉ុណ្ណោះ។

ច្បាប់នៅ Premier League បានចែងថាក្លឹបទាំងអស់អាចបញ្ចូលកីឡាករបាន២៥នាក់ ប្រសិនបើមានកីឡាករមានអាយុលើសពី២១ឆ្នាំ។ នេះហើយជាហេតុផលដែលធ្វើឱ្យលោក Jose Mourinho ដាក់ Schweinsteiger ចូលក្រុម ដើម្បីបង្គ្រប់។ ខណ:ដែលរូបគេស្ថិតក្នុងជម្រើសទី២៥ ដូច្នេះមានឱកាសតិចណាស់ក្នុងការបានចូលលេងនៅលើទីលាន។

bastian-schweinsteiger

បើងាកទៅពានរង្វាន់ Europa League វិញ មិនអាចបញ្ចូលឈ្មោះឱ្យលើសពី២៣នាក់បាននោះទេ ដូច្នេះហើយខ្សែបម្រើដែលទើបតែចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់រូបនេះ នឹងមិនមានឈ្មោះទៅលេងនៅពានរង្វាន់លំដាប់ទីពីរនៅអឺរ៉ុប Europa League ឡើយ។

អតីតកីឡាកររបស់ Bayern Munich ខាងលើបាននិយាយដែរថា៖ “ខ្ញុំមានកុងត្រាជាមួយ Man Utd ដល់ឆ្នាំ២០១៨ ហើយអ្នកដឹងទេបរិយាកាសនៅOld Trafford ពិតជាល្អណាស់ វាជាក្ដីស្រមៃរបស់ខ្ញុំក្នុងការបានចូលលេងនៅទីលាននេះម្ដងទៀត”។

ងាកទៅលោក Jose Mourinho វិញ បាននិយាយដែរថា៖ “ខ្ញុំគិតថាពិតជាពិបាកនឹងកើតឡើងចំពោះការបានចូលលេងរបស់ Schweinsteiger។ ខ្ញុំមិននិយាយថា វាមិនអាចទៅរួចនោះទេ ប៉ុន្តែខ្ញុំសុំនិយាយថាវាពិតជាពិបាក”៕

មតិយោបល់