ក្រុមតាលីបង់ (Taliban) បានសម្រុកមកដល់រដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន និងបាននិយាយថា ពួកគេកំពុងរង់ចាំការផ្ទេរអំណាចដោយសន្តិវិធី។
ប្រភពពីក្រុមតាលីបង់បានប្រាប់ VOA ថា ក្រុមតាលីបង់ព្រមទទួលយកការលាចេញពីតំណែងរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani នៅក្នុងអំឡុងពេលនៃការចរចានៅក្នុងរដ្ឋធានីកាប៊ុល។
ប្រភពនោះប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាហ្វហ្កានីស្ថាននឹងធ្វើដំណើរទៅកាន់រាជធានីដូហានៃប្រទេសកាតា ដែលជាកន្លែងដែលការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់នឹងធ្វើឡើង។ គេមិនទាន់ឃើញមានការបញ្ជាក់ភ្លាមៗណាមួយពីខុទ្ទកាល័យរបស់លោកប្រធានាធិបតី Ghani នៅឡើយទេ។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមតាលីបង់បានដណ្ដើមកាន់កាប់ទីក្រុង Jalalabad ដែលជាទីរួមខេត្តរបស់ខេត្ត Nangarhaនិងជាទីក្រុងធំចុងក្រោយបង្អស់នៅក្រៅរដ្ឋធានីកាប៊ុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
របាយការណ៍នានាបានបញ្ជាក់ថា កងកម្លាំងសន្តិសុខក៏បានដកចេញពីស្រុកនានានៃខេត្ត Nangarhar ផងដែរ។ ខេត្ត Nangarhar នេះមានព្រំប្រទល់ជាប់ជាមួយប្រទេសប៉ាគីស្ថាននិងមានច្រកព្រំដែនឆ្លងកាត់ដ៏សំខាន់មួយចូលទៅក្នុងប្រទេសប៉ាគីស្ថានតាមតំបន់ Torkhem។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid ក៏បាននិយាយកាលពីថ្ងៃអាទិត្យផងដែរថា ក្រុមយុទ្ធជនរបស់ខ្លួនបានកាន់កាប់មូលដ្ឋានទ័ពអាកាស Bagram និងពន្ធនាគារនៅទីនោះ ហើយបានដោះលែងអ្នកទោស។ អ្នកទោសមួយចំនួនដែលជាសមាជិកល្បីឈ្មោះរបស់ក្រុមតាលីបង់ក៏បានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនោះនៅឯមូលដ្ឋានទ័ពអាកាស Bagram ផងដែរ។ មូលដ្ឋានទ័ពអាកាសនេះគឺជាមូលដ្ឋានដ៏ចម្បងសម្រាប់បេសកកម្មយោធាបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
មតិយោបល់