ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani រួមជាមួយអនុប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានជិះយន្តហោះចេញពីប្រទេសអាហ្វហ្គាកានីស្ថានកាលពីថ្ងៃអាទិត្យទុកឲ្យពួកបះបោរតាលីបង់ឡើងកាន់អំណាចវិញ២០ឆ្នាំបន្ទាប់ពីការលុកលុយផ្នែកយោធាដឹកនាំដោយសហរដ្ឋអាមេរិកដែលបានបណ្តេញពួកគេចេញពីអំណាច។
សមាជិកកំពូលៗរបស់គណៈកម្មការយោធាក្រុមតាលីបង់បានទៅដល់វិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីកាប៊ុលខណៈពួកអ្នកប្រយុទ្ធតាលីបង់បានកាន់កាប់ទីកន្លែងសំខាន់ៗនៅក្នុងទីក្រុង។
លោក Mullah Abdul Ghani Baradar សហស្ថាបនិកនិងជាអនុប្រធានក្រុមតាលីបង់បានអបអរប្រជាពលរដ្ឋនិងយុទ្ធជន Mujahideen អំពីជ័យជម្នះរបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអាទិត្យ។ លោកបានផ្ញើសារតាមវីដេអូជាភាសា Pashto ពីការិយាល័យរបស់លោកនៅក្នុងទីក្រុងដូហាប្រទេសកាតា។
ការិយាល័យរបស់លោក Baradar ក៏បានផ្សាយវីដេអូដែលគាត់និងសហការីមើលការផ្សាយផ្ទាល់អំពីប្រយុទ្ធជនតាលីបង់ចូលវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីកាប៊ុលកាលពីយប់ថ្ងៃអាទិត្យ។
លោកនិយាយថា៖«ខ្ញុំនៅទីនេះប្រកាសថាយើងទទួលខុសត្រូវចំពោះជីវិតរបស់អ្នកនិងអ្វីៗទាំងអស់សម្រាប់ការរស់នៅប្រចាំថ្ងៃនិងធានាថាយើងនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីឱ្យជីវិតអ្នកប្រសើរឡើង។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាននិងយុទ្ធជន Mujahideen»។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា ក្រុមប្រយុទ្ធជនខ្លួនត្រូវបានបញ្ជាឲ្យយាមប៉ុស្តិ៍សន្តិសុខនិងទីកន្លែងផ្សេងៗនៅក្នុងរដ្ឋធានីកាប៊ុល«ដើម្បីរារាំងភាពច្របូកច្របល់និងការលួចបន្ទាប់ពីកងទ័ពសន្តិសុខអាហ្វហ្គានីស្ថានបានបោះបង់ប៉ុស្តិ៍ទាំងនេះ។
លោក Ghani បានចេញសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃអាទិត្យថាគាត់បានចាកចេញពីប្រទេសដើម្បីរារាំងការបង្ហូរឈាម។គាត់បានទៅដល់ប្រទេសតាហ្ស៊ីគីស្ថានបន្ទាប់មកបានចាកចេញភ្លាមៗទៅកាន់ទីកន្លែងដែលគេមិនដឹង។នេះបើតាមបណ្តាញព័ត៌មាន RFE/RL។
លោក Ghani បានសរសេរថា៖ «ក្រុមតាលីបង់បានឈ្នះដោយដាវនិងកាំភ្លើង ហើយឥឡូវនេះពួកគេជាអ្នកទទួលខុសត្រូវដើម្បីការពារកិត្តិយសទ្រព្យសម្បត្តិនិងសេចក្តីថ្លៃថ្នូររបស់ជនរួមជាតិយើង។ ឥឡូវនេះ ពួកគេកំពុងប្រឈមការសាកល្បងជាប្រវត្តិសាស្ត្រថ្មី។តើពួកគេនឹងការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសអាហ្វហ្កានីស្ថានឬផ្តល់អាទិភាពដល់ទីកន្លែងនិងបណ្តាញផ្សេងៗទៀត។ក្រុមតាលីបង់ត្រូវធានានឹងប្រជាពលរដ្ឋប្រជាជាតិ វិស័យផ្សេងៗនិងស្ត្រីរបស់អាហ្វហ្កានីស្ថានដើម្បីទទួលបានភាពស្របច្បាប់និងការទុកចិត្តពីប្រជាពលរដ្ឋ»។
មតិយោបល់