ព័ត៌មានជាតិ

រថយន្តសាំយ៉ុង១គ្រឿងឈប់ទម្លាក់ឈើចោល ក្រោយពីត្រូវសមត្ថកិច្ចតាមប្រមាញ់បង្ក្រាប

ត្បូងឃ្មុំៈ ទោះបីជាមានការទប់ស្កាត់ និងតាមបង្ក្រាបពីសំណាក់សមត្ថកិច្ច លើការដឹកជញ្ជូនឈើប្រណីតជាបន្តបន្ទាប់នាពេលកន្លងមក ក៏នៅតែមានការលួចបង្កប់ ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមជាហូរហែដដែល ជាក់ស្ដែងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៩ តុលា ២០១៦នេះ មានរថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2C-4809 ដឹកឈើប្រភេទលេខ១បម្រុងលួចឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចតាមបង្ក្រាបទាន់ពេលវេលា នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកកែវ កុសល នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់បានឲ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ រួមសហការណ៍ជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបរថយន្តដឹកឈើ១គ្រឿង តែដោយម្ចាស់ឈើនិងអ្នកបើកបររថយន្តដឹងខ្លួនមុន ហើយបានទម្លាក់ឈើចោលនៅក្បែរផ្ទះប្រជាពលរដ្ឋ រួចនាំគ្នាបើករថយន្តគេចខ្លួនបាត់ ។

ដោយមានកិច្ចសហការណ៍ពីប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ សមត្ថកិច្ចបានធ្វើការរឹបអូសឈើប្រភេទលេខ១ គឺប្រភេទឈើឈ្លីច ចំនួន៤៤កំណាត់ ស្មើនឹង០,៩៨១មែត្រគូប យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ចំណែករថយន្តបម្រើឲ្យមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ និងអ្នកបើកបររថយន្ត រួមជាមួយបក្ខពួកបាននាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព៕

photo_2016-10-19_19-29-23photo_2016-10-19_19-29-25photo_2016-10-19_19-29-27photo_2016-10-19_19-29-29photo_2016-10-19_19-29-31

មតិយោបល់