(ប៊ែរឡាំង)៖ យន្ដហោះយោធាមួយគ្រឿងរបស់អាល្លឺម៉ង់បានចុះចតនៅឯទីក្រុងកាប៊ុលជាលើកដំបូងចាប់តាំងពីអាហ្វហ្កានីស្ថានធ្លាក់ចូល ដៃក្រុមតាលីបង់ ដោយជម្លៀសមនុស្សបានត្រឹមតែ ៧នាក់ប៉ុណ្ណោះ ដោយសារតែភាពចលាចលនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ នេះបើតាមការបញ្ជាក់ ពីរដ្ឋាភិបាលអាល្លឺម៉ង់។
បើតាមការគ្រោងទុក អាល្លឺម៉ង់បានដាក់ពង្រាយកងទ័ពច្រើនជាងគេធំទី២ ក្នុងប្រទេសអាហ្វហ្កានីស្ថានបន្ទាប់ពីសហរដ្ឋអាមេរិក មានបំណងជម្លៀស ពលរដ្ឋ អាល្លឺម៉ង់ និងជនជាតិអាហ្វហ្កានីស្ថានមានសញ្ជាតិអាល្លឺម៉ង់រាប់ពាន់នាក់ រួមទាំងសកម្មជនសិទ្ធិមនុស្ស មេធាវី និងមនុស្សមួយដែលធ្លាប់បម្រើការឱ្យ NATO ចេញពីអាហ្វហ្កានីស្ថាន។
ប៉ុន្តែ យន្ដហោះយោធាដឹកជញ្ជូនអាល្លឺម៉ង់ធុន A400M ដែលបានចុះចតនៅអាកាសយានដ្ឋានរដ្ឋធានីកាប៊ុលកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ អាចជម្លៀស មនុស្សបានត្រឹមតែ ៧នាក់ប៉ុណ្ណោះ ដោយសារតែភាពចលាចលដោយមនុស្សជាច្រើននាក់នាំគ្នាឈរនៅលើផ្លូវយន្ដហោះ ដើម្បីព្យាយាមឡើងយន្ដហោះ ចេញពីប្រទេស។ តែទោះជាបែបនេះក្ដី រដ្ឋាភិបាលអាល្លឺម៉ង់អះអាងថាជើងហោះថ្មីមួយនឹងចាប់ផ្ដើមឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ៕
ប្រភព៖ AFP
មតិយោបល់