ព័ត៌មានជាតិ

មន្ទីរពេទ្យ​ហៃ​ទី​បាន​ទទួល​អ្នកជំងឺ ដ៏​ច្រើន​លើសលប់​ ដោយសារ​​គ្រោះរញ្ជួយ​ដី និងមាន​មនុស្សស្លាប់​ជាង ១ពាន់នាក់

(Reuters)​ -​កាលពី​ថ្ងៃអាទិត្យ​ មន្ទីរពេទ្យ​ហៃ​ទី​បាន​ទទួល​ជន​រង​គ្រោះ​ ដ៏​ច្រើន​លើសលប់​ ដោយ​អ្នកស្រុក​រាប់​ពាន់​នាក់​រង​របួស​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ ១.២៩៧​ នាក់​ ខណៈ​ដែល​អាជ្ញាធរ​បាន​ស្វះស្វែង​នាំ​ក្រុម​គ្រូពេទ្យ​ទៅ​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ មុន​ពេល​ដែល​ព្យុះ​ធំ​មួយ​វាយប្រហារ​។​

​កាលពី​ថ្ងៃ​សៅរ៍​ គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧.២​ រ៉ិ​ច​ទ័​រ​ បាន​បំផ្លាញ​ផ្ទះ​ និង​អគារ​រាប់​ពាន់​ខ្នង​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ Caribbean​ មួយ​នេះ​ ដែល​កំពុង​ព្យាយាម​វិល​ទៅ​រក​ស្ថិរភាព​បន្ទាប់​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ ១១​ ឆ្នាំ​មុន​ និង​ការ​ធ្វើឃាត​ប្រធានាធិបតី​កាលពី​ខែ​មុន​។​

​ភាគ​និរតី​នៃ​ប្រទេស​ហៃ​ទី​បាន​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ និង​នៅ​ជុំវិញ​ទីក្រុង​ Les​ Cayes​ ។​

ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​របស់​ហៃ​ទី​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​នេះ​បាន​កើនឡើង​ដល់​ ១.២៩៧​ នាក់​ ហើយ​មន្ទីរពេទ្យ​ដែល​នៅ​ដំណើរការ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ ខណៈ​ដែល​មនុស្ស​ប្រមាណ​ ៥.៧០០​ នាក់​បាន​រង​របួស​។​

​នៅ​ទីក្រុង​ Jeremie​ ភាគ​ពាយ័ព្យ​ដែល​ជា​តំបន់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយទៀត​ ក្រុម​គ្រូពេទ្យ​ព្យាបាល​អ្នក​រង​គ្រោះ​ នៅ​លើ​គ្រែ​សែង​អ្នក​របួស​នៅ​ក្រោម​ដើមឈើ​ និង​នៅ​លើ​ពូក​ក្បែរផ្លូវ​ព្រោះ​មណ្ឌល​សុខភាព​បាន​គ្មាន​កន្លែង​សម្រាប់​ព្យាបាល​។​

​លោក​ Jerry​ Chandler​ ប្រធាន​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​របស់​ហៃ​ទី​បាន​ប្រាប់​រ៉​យ​ទ័​រថា​ “​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​”​ ។​

​លោក​បាន​មាន​ប្រសាសន៍​ថា​ “​ខណៈ​ដែល​យើង​កំពុងនិយាយ​គ្នា​ មាន​គ្រឿង​បរិក្ខារ​សំខាន់ៗ​ដែល​មិន​ដំណើរការ​ ហើយ​គ្រឿង​បរិក្ខារ​ដែល​ដំណើរការ​កំពុង​ទទួល​អ្នកជំងឺ​ដ៏​ច្រើន​លើសលប់​”​ ។​

​ប្រទេស​ហៃ​ទី​ប្រឈម​នឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩​ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ ដោយ​ការ​កើនឡើង​អំពើ​ហិង្សា​ដែល​បង្ក​ដោយ​ជន​អន្ធពាល​ និង​វិបត្តិ​នយោបាយ​បាន​គ្របដណ្តប់​ប្រទេស​ ដែល​មាន​បញ្ហា​បន្ទាប់​ពី​ការ​ធ្វើឃាត​ប្រធានាធិបតី​លោក​ Jovenel​ Moise​ កាលពី​ថ្ងៃ​ទី​ ០៧​ ខែកក្កដា​ ៕

 

មតិយោបល់