(Reuters) - កាលពីថ្ងៃច័ន្ទ អាជ្ញាធរបាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ ដែលបានហូរកាត់ទីក្រុងមួយចំនួនក្នុងបណ្តាខេត្តក្នុងតំបន់ Black Sea ប្រទេសតួកគីកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៧៧នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់កំពុងបន្តស្វែងរកមនុស្ស ៤៧នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។
កាលពីសប្តាហ៍មុន គ្រោះទឹកជំនន់បាននាំមកនូវភាពចលាចលនៅក្នុងប្រទេសនេះ ខណៈដែលភ្លៀងលាយខ្យល់យ៉ាងខ្លាំងបានបោកបក់រថយន្តរាប់សិបគ្រឿង និងកាកសំណល់ជាច្រើននៅតាមដងផ្លូវ ដោយបំផ្លាញអគារ និងស្ពាន រួមទាំងបានបិទផ្លូវជាច្រើន និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីផងដែរ។
នាយកគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បាននិយាយថា មនុស្ស ៦២នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅខេត្ត Kastamonu។ ចំណែកមនុស្ស ១៤នាក់ផ្សេងទៀតបានស្លាប់នៅទីក្រុង Sinop និងមនុស្សម្នាក់ទៀតបានស្លាប់នៅទីក្រុង Bartin។
មនុស្សចំនួន ៤៧នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Kastamonu និងទីក្រុង Sinop ដោយនិយាយបន្ថែមថា មនុស្ស ០៧នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
រូបភាពចេញពីយន្តហោះគ្មានមនុស្សបើកបានបង្ហាញពីការខូចខាតយ៉ាងច្រើននៅក្នុងទីក្រុង Bozkurt ក្នុងខេត្ត Kastamonu ដែលក្រុមជួយសង្គ្រោះបានស្វែងរកអគារដែលត្រូវបានបំផ្លាញកាលពីចុងសប្តាហ៍។
AFAD បាននិយាយថា មនុស្សប្រមាណ ២.០០០នាក់ត្រូវបានគេជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ ក្នុងនោះមនុស្សមួយចំនួនត្រូវបានគេជួយជម្លៀសដោយឧទ្ធម្ភាគចក្រ និងទូកជាច្រើនគ្រឿង ដោយបន្ថែមថា បុគ្គលិកប្រមាណ ៨.៥០០នាក់បានចូលរួមក្នុងកិច្ចប្រឹងប្រែងចំពោះការជួយសង្គ្រោះបន្ទាន់នេះផងដែរ។
កាលពីថ្ងៃច័ន្ទ មន្ត្រីព្យាករណ៍អាកាសធាតុបានព្រមានពីគ្រោះទឹកជំនន់បន្ថែមទៀត ដោយសាររំពឹងថា នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅខេត្តក្នុងតំបន់ Black Sea ទៅភាគខាងកើតនៃតំបន់ដែលរងផលប៉ះពាល់កាលពីសប្តាហ៍មុន ៕
មតិយោបល់