កំពង់ចាមៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្ដ និងម៉ូតូ បានពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៨យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិប៉ាណា ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលគេឃើញ ឈ្មោះ ហាត់ ហ៊ាន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងភូមិស្រាំជើង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះបានមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាកស៊ីអន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AK-7505 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងបញ្ច្រាសទិសគ្នា បានមកបុកម៉ូតូជនរងគ្រោះចំពាក់កណ្តាលកាង រថយន្តធ្វើឲ្យម៉ូតូជាប់ទៅជាមួយនឹងរថយន្ត ចំណែកជនរងគ្រោះផ្លោងធ្លាក់បោកមកលើដងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៏បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាន ម៉ូតូនិងរថយន្តបង្ករយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕
មតិយោបល់