(កាប៊ុល)៖ តាលីបង់អាហ្វហ្កានីស្ថានចង់មានទំនាក់ទំនងសន្តិភាពជាមួយបណ្ដាប្រទេសដទៃ ហើយនឹងគោរពសិទ្ធិស្ត្រីនៅក្រោមក្របខណ្ឌអ៉ីស្លាម ព្រមទាំង
លើកលែងទោសឱ្យជនជាតិអាហ្វហ្កានីស្ថានទាំងអស់ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក ឬបក្សសម្ព័ន្ធយោធា NATO។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រុមតាលីបង់។
នៅក្នុងសន្និសីទសារព័ត៌មានមួយជាលើកដំបូង នៅថ្ងៃអង្គារសប្ដាហ៍នេះបន្ទាប់ពីឡើងកាន់អំណាចសាជាថ្មីនៅអាហ្វហ្កានីស្ថាន អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានសង្កត់ធ្ងន់ថាស្ត្រីអាហ្វហ្កានីស្ថាននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការ និងចូលសាលារៀន ព្រមទាំងមានតួនាទីយ៉ាងសកម្មក្នុងសង្គម ប៉ុន្តែត្រូវស្ថិតនៅក្រោមក្របខណ្ឌអ៉ីស្លាម។ មិនតែប៉ុណ្ណោះ អ្នកដែលធ្លាប់ធ្វើការឱ្យកងទ័ពបរទេសក៏នឹងទទួលបានការលើកទោសផងដែរ។ «ដោយសារតែជំនាញ និងទេពកោសល្យរបស់ពួកគេ យើងមិនចង់ឱ្យពួកគេចាកចេញពីប្រទេសឡើយ ហើយចង់ឱ្យពួកគេជួយបម្រើជាតិរបស់ពួកគេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Mujahid។
បើតាមលោក Zabihullah Mujahid រដ្ឋាភិបាលថ្មីមួយរបស់ក្រុមតាលីបង់នឹងត្រូវប្រកាសបង្កើតឡើងក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែសំណួរនៅត្រង់ថាតើមានប្រទេសណាខ្លះ ដែលទទួលស្គាល់ពួកគេ ខណៈបណ្ដាប្រទេសលោកខាងលិចនាំគ្នាដកបុគ្គលិកស្ថានទូត និងមានខ្លះទៀតបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសអាហ្វហ្កានីស្ថានតែម្ដង៕
ប្រភព៖ AP
មតិយោបល់