ពេលវេលាដែល «ត្រឹមត្រូវ» បំផុតសម្រាប់អ្នកក្នុងការរួមភេទដំបូង គឺនៅពេលដែលអ្នកគិតថាខ្លួនប្រាណរបស់អ្នក និងអារម្មណ៍របស់អ្នកបានត្រៀមរួចរាល់ក្នុងការទទួលបានភាពរីករាយក្នុងពេលរួមភេទ។ គ្មានវិធីសាស្រ្តណាមួយអាចបញ្ជាក់ពីភាពជាក់លាក់ថា អ្នកបានត្រៀមខ្លួន និងមានទំនុកចិត្តរួចហើយនៅពេលនោះទេ។ នៅក្នុងប្រទេសកម្ពុជា ការរួមភេទជាមួយកុមារីដែលមានអាយុ ក្រោម១៥ឆ្នាំត្រូវបានចាត់ទុកថាជាអំពើអនាចារ។ ប៉ុន្តែមិនមានន័យថានៅពេលដែលអ្នកអាយុ ១៦ ១៧ ឬ១៨ឆ្នាំទៅ អ្នកត្រូវតែរួមភេទនោះទេ។
ការរួមភេទត្រូវបានចាត់ទុកថាជាសកម្មភាពរបស់មនុស្សពេញវ័យ។ តើពេលណាដែលអ្នកជាមនុស្សពេញវ័យ? នៅអាយុ ១៨ ឆ្នាំ ឬ២១ឆ្នាំ? អាចនឹងមានការយល់ច្រឡំច្រើនទៅលើអាយុនេះ ទៅនឹងអាយុនៃការបោះឆ្នោត ឬអាយុរៀបការ ឬបើកបរជាដើម។ មានមនុស្សពេលវ័យជាច្រើនដែលមានអាយុ២៥ឆ្នាំដែលមិនមានភាពចាស់ទុំជាងក្មេងដែលមានអាយុ ១៧ឆ្នាំ។ ដូចនេះ ការយកអាយុមកកំណត់ក្នុងការរួមភេទមិនសមហេតុផលទាំងអស់នោះទេ។
ចម្លើយសម្រាប់សំណួរនេះពីយើង គឺស្ថិតនៅលើការវិភាគរបស់អ្នក។ អ្នកត្រូវកំណត់តម្លៃដោយផ្អែកលើបរិបទនៃការរស់នៅរបស់អ្នក។ យកតម្លៃទាំងនេះដាក់នៅកណ្តាល ហើយសម្រេចចិត្តទៅលើការរួមភេទរបស់អ្នក។ សូមចងចាំថា «លទ្ធផល» ដែលមនុស្សជាច្រើននិយាយមិនមែនត្រឹមតែអ្វីដែលកើតលើរាងកាយរបស់អ្នក ដូចជាការមានកូនដោយចៃដន្យ ឬការឆ្លងមេរោគនោះទេ។ ការរួមភេទអាចកំណត់ការចាប់ផ្តើមដ៏មានអំណាចមួយទៅលើការឆ្លើយតបអារម្មណ៍របស់អ្នក ហើយអ្នកត្រូវពិចារណា តើអ្នកនឹងត្រៀមខ្លួនដូចម្តេចចំពោះអារម្មណ៍នោះ។ នេះមិនមានន័យថា យើងព្យាយាមហាមឃាត់អ្នកក្នុងការរួមភេទនោះទេ ប៉ុន្តែដោយសារ ការរួមភេទគឺជាផ្អែកដ៏សំខាន់មួយរបស់បុគ្គលម្នាក់ៗ ហើយអ្នកគួរតែមានអារម្មណ៍រីករាយជាមួយវា។ ការពិចារណាលើចំណុចទាំងនេះពិតជាសំខាន់ណាស់ ដូចនេះនៅពេលដែលអ្នកចាប់ផ្តើមជីវិតរួមភេទរបស់អ្នក អ្នកនឹងទទួលបានបទពិសោធន៍វិជ្ជមាន។ វាប្រហែលជាមិនល្អនោះទេ នៅពេលដែលអ្នកមិនបានពិចារណាមុនពេលសម្រេចចិត្តរួមភេទ ហើយក្រោយមកអ្នកនឹងរកឃើញថា ការប្រព្រឹត្តនោះគឺជាការគិតខ្លី។ ដើម្បីរីករាយជាមួយជីវិតរួមភេទរបស់អ្នក អ្នកត្រូវដឹងផងដែរថាតើអ្នកត្រូវថែរក្សា និងការពារខ្លួនរបស់អ្នកយ៉ាងដូចម្តេច?។ នេះមានន័យថាអ្នកត្រូវស្វែងយល់ថា តើអ្វីទៅជាការរួមភេទ អ្វីទៅដែលជាវិធីការការពារមិនឱ្យមានកូន ហើយអ្វីទៅជាការរួមភេទដោយមានសុវត្ថិភាព និងអ្វីទៅដែលអ្នកចូលចិត្ត និងមិនចូលចិត្តអំពីវា។ អ្នកក៏ត្រូវមានសមត្ថភាពក្នុងការនិយាយថា «ទេ» ប្រសិនបើអ្នកមិនចង់បានវា។
ការសម្រេចចិត្តរួមភេទមុនពេលរៀបការគឺជារឿងបុគ្គល។ ជំនឿសាសានា និងវប្បធម៌មួយចំនួនមិនអនុញ្ញាតឱ្យរូមភេទមុនពេលរៀបការ។ ប៉ុន្តែនៅក្នុងសង្គមមួយចំនួន វាមិនមែនជាបញ្ហានោះទេ។ សរុបសេចក្តីមក ទាំងនេះ គឺជាសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង។

មតិយោបល់