(ហៃទី)៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើប្រទេសហៃទីកាលពីសប្ដាហ៍មុន បានកើនដល់ ១,៩៤១នាក់ហើយ ខណៈប្រទេសមួយនេះ កំពុងប្រឈមមុខនឹងព្យុះត្រូពិច និងគ្រោះទឹកជំនន់។ នេះបើតាមទីភ្នាក់ងារការពារជនស៊ីវិលនៃប្រទេសហៃទី។
ទីភ្នាក់ងារការពារជនស៊ីវិលនៃប្រទេសហៃទី បានឱ្យដឹងទៀតថាមនុស្សច្រើនជាង ៩,៩០០នាក់ក៏បានរងរបួសដោយសារគ្រោះរញ្ជួយដីខាងលើផងដែរ។ ចំណែកឯ ផ្ទះជាង ៦០,០០០ខ្នងត្រូវបានបំផ្លាញ និង ៧៦,០០០ខ្នងរងការខូចខាត។ គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារលើតំបន់ប៉ែកនីរតីនៃប្រទេសហៃទីកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ពោលគឺចំណុចរំញ័ររបស់វាស្ថិតនៅចំងាយ ១៦០គីឡូម៉ែត្រ ពីរដ្ឋធានី Port-au-Prince។
ក្រៅតែពីរងគ្រោះដោយសារគ្រោះរញ្ជួយដី ហៃទីក៏កំពុងប្រឈមមុខនឹងទឹកជំនន់បង្កឡើងដោយព្យុះត្រូពិចផងដែរ។ រីឯអាជ្ញាធហៃទី និងអន្តរជាតិកំពុងផ្ដល់ជំនួយ និងការគំាទ្រដល់ជនរងគ្រោះ៕
AFP
មតិយោបល់