ព័ត៌មានជាតិ

​​អតីតប្រធានាធិបតី George W. Bush អះអាងថា សហរដ្ឋអាមេរិក មានភាពទទួលខុសត្រូវ សម្រាប់ជម្លៀសប្រជាជនចេញ ពីអាហ្វហ្កានីស្ថាន

សេចក្តីប្រកាស​ថ្លែង​ការណ៍​ធានា​របស់​អតីតប្រធានាធិបតី George W. Bush សរសេរ​នៅ​ដើមសប្តាហ៍​ ១ថ្ងៃក្រោយពេល​ដែល​ក្រុង​កាប៊ូល​ដួលរំលំ ហើយ​ត្រូវកាសែត​​ចុះផ្សាយ​ថ្ងៃអង្គារ ដែលមាន​អត្ថន័យ​​​អះអាង​បន្ថែម​លើ​ការ​សន្យា​របស់​​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្នលោក ចូ បៃដិន។ នោះគឺ ​សហរដ្ឋ​​អាមេរិក​នឹង​ជ្រោម​ជ្រែង​ជួយ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ និងប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន ដែល​បម្រើការ​ឲ្យ​អាមេរិក​ ឲ្យ​បាន​ចាក​ចេញ​ ដោយ​ជោគជ័យ​ និង​សុវត្ថិភាព។​

លោក George W. Bush គូស​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក មាន​ប្រភព​ធនធាន មាន​មធ្យោបាយ ហើយ​និង​មាន​ការ​ទទួល​ខុសត្រូវ នៅក្នុង​ការ​ជម្លៀស​មនុស្ស​ចេញពី​អាហ្វហ្កានីស្ថាន​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ ទម្រង់​ការិយាធិបតេយ្យ​អ្វី​ នាំ​ឲ្យ​ខាតពេល​ច្រើនឡើយ។

ត្រង់​ចំណុច​នេះ លោក បូស សង្កត់ធ្ងន់ ដោយ​រម្លឹក​គុណ​ដល់ ពលរដ្ឋអាហ្វហ្កានីស្ថាន ដែល​បាន​ជួយ​កិច្ចការ​ងារ​ ដល់​កងទ័ព​អាមេរិក​និងជួយដល់​​មន្ត្រីទូត ក្នុងអំលុង​ពេល​២​ទសវត្សរ៍​មកនេះ។ ដូច្នេះបើតាម​លោកបូស​ រដ្ឋាភិបាល​អាមេរិក​ច្បាស់ជា​ប្រឹងប្រែង​អស់លទ្ធភាព ​ដើម្បី​ជម្លៀសពួក​គេវិញ។​ ​

ថ្លែង​ពី​អនាគត​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ លោក George W. Bush មាន​សុទិដ្ឋិនិយម​ថា ប្រទេស​និង​ប្រជាជន​នេះ មានភាព​អត់ធន់ និង​មាន​មនុស្ស​សកម្ម​ច្រើន។ បើតាម​លោក បូស ពលរដ្ឋ​អាហ្វហ្កានីស្ថាន ដល់ទៅ​ប្រមាណ​៦៥ភាគរយ​ ដែលមាន​វ័យ​ក្រោម​២៥ឆ្នាំ ​ពួក​គេ​នឹង​ជ្រើសរើស​ឱកាស​កសាង​ជាតិ​ ការ​អប់រំ​រៀន​សូត្រ និង​សេរីភាព ហើយ​ជម្រើសទាំង​នេះ នឹង​កំណត់​ជោគវាសនា​​ស្តារ​អនាគតពលរដ្ឋ​អាហ្វហ្កានីស្ថាន​​ នៅពេល​ខាងមុខ​។

ផ្ទុយទៅវិញ​ ប្រសិន​បើ​និយាយ​តែ​​ក្នុង​អំលុង​ពេល​ខ្លីៗ​នេះ គឺ​អ្នក​តាមដាន​ស្ថានការណ៍​​មើលឃើញថា ពលរដ្ឋ​ជាច្រើន​នៅអាហ្វហ្វានីស្ថាន ហាក់​ព្រួយ​ខ្លាច​ក្រែង​ ពួក​តាលីបង់ ប្រកាន់​យក​ការ​ដឹកនាំ​របបថ្មី ដែល​យក​គំរូ​តាម​អ្វីដែលពួក​គេ​បាន​ធ្វើ​ នៅចន្លោះ​ឆ្នាំ​១៩៩៦ ដល់​២០០១។ ក្តីបារម្ភ​ខ្លាំងទៀត គឺទៅលើការ​រឹតត្បិត​សិទ្ធិសេរីភាព​ចំពោះ​នារីភេទ​​៕​​

មតិយោបល់