នេះជាសន្និសីទសារព័ត៌មានលើកដំបូងក្រោយពីក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍ បន្ទាប់ពីដណ្តើមទឹកដីស្ទើរគ្រប់ស្រុកទាំងអស់នៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រាប់សន្និសីទសារព័ត៌មាននោះថា ការធ្វើព័ត៌មានប្រឆាំងច្បាប់ឥស្លាមនឹងមិនត្រូវបានអនុញ្ញាតឡើយ ប៉ុន្តែអ្នកសារព័ត៌មានអាចសរសេរព័ត៌មានរិះគន់រដ្ឋាភិបាលបាន បើព័ត៌មានទាំងនោះមានលក្ខណៈត្រឹមត្រូវ មានតុល្យភាព និងលើកកម្ពស់គុណតម្លៃសង្គមជាតិ។
សន្និសីទសារព័ត៌មាននេះត្រូវបានធ្វើឡើងខណៈអង្គការព័ត៌មានអន្តរជាតិនានា និងក្រុមការពារសិទ្ធិសារព័ត៌មានបានអំពាវនាវឲ្យរដ្ឋាភិបាលបស្ចិមប្រទេសធានាសុវត្ថិភាពសហការីរបស់គេដែលជាជនជាតិអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃទី២ ខែសីហា ក្រសួងការបរទេសអាមេរិកនិយាយថា អ្នកសារព័ត៌មានដែលធ្វើការឲ្យបណ្តាញព័ត៌មានមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ឬអង្គការក្រៅរដ្ឋាភិបាលនានា នឹងអាចទទួលបានអាទិភាពប្រភេទទី២ ឬ P-2 ដែលផ្តល់ឲ្យពួកគេ និងក្រុមគ្រួសារមានឱកាសមកតាំងទីលំនៅក្នុងសហរដ្ឋអាមេរិក៕
មតិយោបល់