ជាមួយនឹងសំឡេងគាំទ្រភាគច្រើននៅសភា (១១៤ ក្នុងចំណោមសំឡេងសរុប ២២០) លោក អ៊ីស្មាអែល សាប៊្រី យ៉ាកូប មកពីគណបក្ស UMNOបានក្លាយជាអ្នកនយោបាយទី ៣ ដែលព្រះមហាក្សត្រម៉ាឡេស៊ី ជ្រើសរើស សម្រាប់តំណែង នាយករដ្ឋមន្រ្តី គិតចាប់តាំងពីម៉ាឡេស៊ីជួបវិបត្តិនយោបាយ នៅក្រោយ ការបោះឆ្នោត ឆ្នាំ ២០១៨។
ក្នុងវ័យ ៦១ឆ្នាំ លោកអ៊ីស្មាអែល សាប្រ៊ី យ៉ាកូប ធ្លាប់ធ្វើជាសមាជិករបស់រដ្ឋាភិបាលចម្រុះ ដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស៊ីន ដែលបានប្រកាសចុះចេញពីមុខតំណែង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយសារតែគ្មានសំឡេងគាំទ្រគ្រប់គ្រាន់នៅសភា។
ដោយសារលោកអ៊ីស្មាអែល សាប្រ៊ី យ៉ាកូប ធ្លាប់មានតំណែងនៅក្នុងរដ្ឋាភិបាលមុន សមាសភាពរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី នឹងមិនផ្លាស់ប្តូរអ្វីច្រើននោះទេ។ ចំណែក សំឡេងគាំទ្ររបស់លោកនៅរដ្ឋសភា ក៏នៅតែមានចំនួនស្តួចស្តើង ដែលជាហេតុធ្វើគេបារម្ភថា ម៉ាឡេស៊ីនឹងអាចជួបវិបត្តិនយោបាយ សាជាថ្មី ជាពិសេស នៅពេល នាយករដ្ឋមន្រ្តី បាត់បង់សំឡេងគាំទ្រ ដោយសារតែ រឿងគ្រប់គ្រង មិនល្អ វិបត្តិកូវីដ។ កាលនៅជារដ្ឋមន្រ្តីរបស់រដ្ឋាភិបាលមុន លោកយ៉ាកូបផ្ទាល់ ក៏ធ្លាប់រងការចោទប្រកាន់រួចហើយដែរថា គ្រប់គ្រងវិបត្តិកូវីដមិនបានល្អ រហូតធ្វើឲ្យម៉ាឡេស៊ី មានអ្នកឆ្លងថ្មី ជាង ២ម៉ឺននាក់ក្នុង១ថ្ងៃៗ។
ការស្បថចូលកាន់តំណែងរបស់លោកអ៊ីស្មាអែល សាប្រ៊ី យ៉ាកូប ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ ក៏ជាសញ្ញានៃការវិលត្រលប់របស់គណបក្សដ៏មានអំណាច UMNO ដែលធ្លាប់កាន់អំណាចនៅម៉ាឡេស៊ី ជាង ៦០ឆ្នាំ មុននឹងត្រូវចាញ់ឆ្នោត នៅឆ្នាំ ២០១៨ ដោយសារតែរឿងអាស្រូវពុករលួយរបស់មន្រ្តីបក្ស គឺ អតីត នាយករដ្ឋមន្រ្តី លោកណាជីព រ៉ាហ្សាក់។
រងចោទប្រកាន់ក្នុងសំណុំរឿងលួចបន្លំ កេងលុយរដ្ឋរាប់ពាន់លានដុល្លារ ចេញពីមូលនិធិអភិវឌ្ឍ Malaysia Development Berhad (1MDB) អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោករ៉ាហ្សាក់ ត្រូវតុលាការម៉ាឡេស៊ី ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ។
នេះជាលើកទី១ ដែលគណបក្ស UMNO បានចូលកាន់អំណាច ដោយគ្មានឆ្លងកាត់ការបោះឆ្នោត ដែលត្រូវបានលើកពេលដោយសារវិបត្តិកូវីដ។ អ្នកតាមដាននយោបាយនៅម៉ាឡេស៊ី បារម្ភថាការវិលត្រលប់ចូលកាន់អំណាច របស់គណបក្ស UMNO នឹងអាចប៉ះពាល់ដល់ដំណើរការជំនុំជម្រះ អតីតនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលបានជំទាស់ការសម្រេច របស់តុលាការ និងធ្វើបណ្តឹងបន្តទៅសាលាឧទ្ធណ៍៕



មតិយោបល់