ព័ត៌មានជាតិ

តើអ្នកណាខ្លះ​ដែល​ជា​គោលដៅ ក្នុងការតាមប្រមាញ់​របស់​ក្រុមទាហាន​តាលីបង់?

បុគ្គល​ដែល​ក្រុមតាលីបង់​កំពុងតាមរកមុខ គឺជាជនជាតិអាហ្វហ្កានីស្ថាន​ដែលធ្លាប់ធ្វើការ​ឲ្យ​កងកម្លាំងបរទេស និង​រដ្ឋាភិបាល​ចាស់។ ពួកគេ​ទាំងនោះ អាច​ជា​អ្នកបកប្រែ ឲ្យ​ទាហាន​អាមេរិកាំង ទាហាន​អង្គការអូតង់ ជាអ្នកធ្វើការ​នៅស្ថានទូត បរទេស ជា​ប៉ូលិស ទាហាន​កុម្ម៉ង់ដូរពិសេស និង​ភ្នាក់ងារ​ស៊ើបការសម្ងាត់ របស់​រដ្ឋាភិបាល​អាហ្វាហ្កានីស្ថាន ដែល​មិនព្រម ចុះចូល​ជាមួយ​ក្រុមតាលីបង់។

សម្រាប់អ្នកសរសេរ​របាយការណ៍ បើសិន​ក្រុមតាលីបង់ បានសម្រេច ចាប់ខ្លួន​ភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់​អាហ្វហ្កានីស្ថាន នោះ​វា​នឹង​គ្រោះថ្នាក់ ធ្ងន់ធ្ងរ សម្រាប់ បណ្តាញ ស៊ើបការណ៍​សម្ងាត់​របស់​ក្រុមប្រទេស លោកខាងលិច ជាពិសេស ផែនការ យុទ្ធសាស្រ្ត​របស់​ប្រទេស​លោកខាងលិច សម្រាប់ ប្រយុទ្ធប្រឆាំង នឹង​ក្រុមអាល់កៃដា ឬ​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​ជាដើម។

ដូចមន្រ្តីរដ្ឋាភិបាល​ចាស់ អ្នកបកប្រែ អាហ្វហ្កានីស្ថាន ជា​ក្រុម​ដែល​ទាហាន​តាលីបង់សំដៅ​រកមុខ​សងសឹកខ្លាំងណាស់ផងដែរ។ ពួកគេ​ទាំងនេះ ត្រូវ​ក្រុមតាលីបង់ ចោទ ដាក់​រហស្សនាមថា ជា​ភ្នែក ត្រចៀក របស់​ទាហាន​បរទេស ក្នុង​សមរភូមិប្រយុទ្ធ​នឹង​ក្រុមតាលីបង់។ តាម អង្គការ No one left behind អ្នកបកប្រែ អាហ្វហ្កានីស្ថាន និង​សមាជិក​គ្រួសារ​របស់ពួកគេ​ប្រមាណ ៣០០​នាក់ ហើយ​ត្រូវ​បាន​ក្រុមតាលីបង់​សម្លាប់ ដោយសារ​តែមាន​ទំនាក់ទំនងជាមួយ​អាមេរិក។

ក្រៅតែពីអ្នកបកប្រែ និង​មន្រ្តីប៉ូលិស​របស់​រដ្ឋាភិបាលមុន អ្នកកាសែត អាហ្វហ្កានីស្ថាន​ក៏កំពុង​ធ្លាក់​ក្នុង​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ពួកតាលីបង់ដែរ។ គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នកកាសែត នៅ​សប្តាហ៍នេះ ទាហាន​តាលីបង់​បាន​ចូលឆែកឆេរ ផ្ទះ​របស់អ្នកកាសែត ៤នាក់ ចំណែក ២នាក់ ត្រូវ​ទាហាន​តាលីបង់​វាយធ្វើបាប នៅពេល​ចុះយក​ព័ត៌មាន​ស្តីពីបាតុកម្ម នៅ​ទីក្រុង Jalalabad។ ប្រព័ន្ធផ្សព្វផ្សាយ​អាល្លឺម៉ង់ Deutsche Welle បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍ទី​១៩សីហាថា ទាហាន​តាលីបង់​បាន​សម្លាប់​សមាជិកគ្រួសារ​របស់​អ្នកកាសែត​ម្នាក់ ដែលកំពុង​ធ្វើការ​ឲ្យ​ទូរទស្សន៍រដ្ឋអាល្លឺម៉ង់។

តាលីបង់​បាន​សម្លាប់​សមាជិកគ្រួសារ និង​វាយឲ្យ​របួស សមាជិក​ម្នាក់ទៀត នៅក្រោយ​ពួកគេ​រកមិនឃើញ មុខ អ្នកកាសែត ដែល​តាម​ពិត បាន​ភៀសខ្លួន មក​ធ្វើការ​នៅទឹកដី​អាល្លឺម៉ង់ ជាច្រើន​ខែ​មកហើយ។

មតិយោបល់