ព័ត៌មានជាតិ

គោលការណ៍ ៣យ៉ាងដ៏ងាយៗ​ ក្នុងការចិញ្ចឹមកូនអោយមានគុណភាព

កុមារនឹងធំធាត់ឡើងក្លាយជាមនុស្សល្អ និងពោរពេញដោយសមត្ថភាពបាននោះ ត្រូវអាស្រ័យលើឪពុកម្តាយខ្លាំងបំផុត ព្រោះឪពុកម្តាយគឺជាអ្នកបង្ហាត់បង្រៀន និងបណ្តុះគំនិតឱ្យកូនក្លាយជាក្មេងមានក្តីព្យាយាមដោយត្រូវអភិវឌ្ឍសមត្ថភាពរបស់កូនឱ្យស័ក្តិសមទៅតាមវ័យ។ ការបង្កើនសមត្ថភាពឱ្យកូនក្លាយជាក្មេងដែលមាននិស្ស័យឧស្សាហ៍ព្យាយាមនោះ មានគោលការណ៍សំខាន់ដែលត្រូវនាំយកមក​​ប្រតិបត្តិរួមជាមួយគ្នា 3 ប្រការគឺ ៖

– គោលការណ៍ប្រការដំបូង គឺ ការហ្វឹកហាត់ឱ្យកុមារចេះពឹងពាក់លើខ្លួនឯង ដែលឪពុកម្តាយត្រូវចាប់ផ្តើមបណ្តុះនិស្ស័យនេះ

តាំងពីកូនមានអាយុជាងមួយខួបរហូតទៅដល់ 4 – 5 ឆ្នាំ ព្រោះកុមារក្នុងវ័យនេះប្រៀបដូចជាដើមឈើនៅខ្ចី នៅទន់ ងាយស្រួលពត់

ដូចជា ពេលនៅតូចៗ ក៏បង្ហាត់ឱ្យគេចេះដួសអាហារញ៉ាំដោយខ្លួនឯង ដោះអាវខ្លួនឯង ឬ អាយុ 2 – 4 ឆ្នាំក៏បង្ហាត់ឱ្យចេះជួយធ្វើការងារផ្ទះតូចតាច ជាដើម។

– គោលការណ៍ប្រការទី 2 គឺ ឪពុកម្តាយត្រូវអប់រំកូនដោយក្តីស្រឡាញ់ ការយល់ចិត្ត និងមានហេតុផលច្រើនជាងការប្រើអារម្មណ៍ រឿងនេះសំខាន់ខ្លាំងណាស់ ត្រូវមិនប្រើវិធីបញ្ជា ឬបង្ខំចិត្ត និងមិនស្តីបន្ទោសឱ្យកូនខ្លាច និងបាក់ទឹកចិត្តឡើយ។ ឪពុកម្តាយ

ត្រូវធ្វើជាគំរូឱ្យឃើញ នៅចាំផ្តល់នូវពាក្យណែនាំ និយាយកោតសរសើរនៅពេលដែលកូនធ្វើបាន និងឱ្យរង្វាន់បើគេធ្វើបានល្អ ដែលរង្វាន់សម្រាប់ក្មេងតូចៗនោះ គ្រាន់តែជាការឱបយ៉ាងទន់ភ្លន់ ថើបថ្ពាល់ និងទះដៃឱ្យ តែប៉ុណ្ណឹងកូនៗក៏មានមោទនភាពខ្លាំងណាស់ទៅហើយ។ អាចហៅបានថា ការប្រើសេចក្តីស្រឡាញ់ និងហេតុផលក្នុងបង្ហាត់បង្រៀន នឹងជួយបង្កើនឱ្យកុមារមានការតាំងចិត្តក្នុងការ

អភិវឌ្ឍន៍អ្វីដែលឪពុកម្តាយបានអប់រំឱ្យកាន់តែល្អឡើង។

– គោលការណ៍ប្រការចុងក្រោយគេ គឺ ការនិយាយរឿងនិទាន ឬរឿងដែលពាក់ព័ន្ធនឹងមនុស្សដែលមានភាពមានះឧស្សាហ៍ព្យាយាមឱ្យកូនបានស្តាប់ញឹកញាប់ ព្រោះរឿងទាំងនេះនឹងជួយជំរុញឱ្យក្មេងមានក្តីឧស្សាហ៍ព្យាយាមក្នុងផ្លូវដែលត្រឹមត្រូវ ដោយជ្រើសរើសយករឿងនិទានណាដែលមានតួឯកចេះខឹតខំពុះពារឧបសគ្គ និងបញ្ហាផ្សេងៗដោយវិធីដែលត្រឹមត្រូវតាមសមត្ថភាពដែលខ្លួនមាន ឬក៏ដោះស្រាយបញ្ហាដោយប្រាជ្ញា និងភាពមានះអត់ធន់ ។

 

គោលការណ៍ទាំងបីប្រការនេះនឹងជួយឱ្យកុមារមានការអភិវឌ្ឍន៍សមត្ថភាព មានភាពឧស្សាហ៍ព្យាយាម និងកុំភ្លេចបណ្តុះ

គំនិតចរិយាធម៌ គុណធម៌ និងទម្លាប់និស្ស័យដែលល្អៗផ្សេងទៀតដល់កូនដំណាលគ្នាផង៕

 

មតិយោបល់