បច្ចុប្បន្ននេះ ខេត្តប៉ាន់ឆៀរ (Panchir-Panjshir) គឺជាក្តីសង្ឃឹមចុងក្រោយ នៃការតស៊ូប្រយុទ្ធជាមួយនឹងក្រុមតាលីបង់។ ចលនាតស៊ូនេះ មានឈ្មោះថា “សម្ព័ន្ធជាតិនៃការតស៊ូ” ដែលដឹកនាំដោយ មនុស្សម្នាក់ឈ្មោះ Ahmad Massoud ដែលជាកូនប្រុស របស់លោកអតីតមេបញ្ជាការដ៏ល្បី ឈ្មោះ Massoud ដែលត្រូវបានក្រុមអាល់កៃដាសម្លាប់ កាលពីខែកញ្ញាឆ្នាំ២០០១ ប៉ុន្មានថ្ងៃមុនភេរវកម្មនៅ World Trad Center ក្រុងញូយ៉ក។
លោក Ali Maisam Nazary អ្នកនាំពាក្យរបស់ចលនាតស៊ូនេះ បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំងថា ចលនានេះ មានកម្លាំងប្រមាណ៩០០០នាក់។ យោងតាមរូបថតខ្លះ ផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP គេឃើញសមាជិកកងកម្លាំងនេះ កំពុងហាត់សម ត្រៀមប្រយុទ្ធ អមដោយសម្ភារៈសិកមួយចំនួន ដូចជារថពាសដែកជាដើម។
ចំណែក លោក Amrullah Saleh អតីតអនុប្រធានាធិបតី របស់រដ្ឋាភិបាលលោកប្រធានាធិបតី Ashraf Ghani ក៏បានរត់ទៅខេត្តប៉ាន់ឆៀរនេះដែរ ជាមួយនឹងមនុស្សប្រមាណមួយពាន់នាក់ទៀត ដែលភាគច្រើន សុទ្ធតែជាបញ្ញាវន្ត សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកនយោបាយ។ ពួកគេបានរត់ចូលទៅក្នុងខេត្តប៉ាន់ឆៀរ ដើម្បីគេចចេញពីក្រុមតាលីបង់ ព្រោះថាខេត្តនេះ គឺជាដែនដីចុងក្រោយ ដែលក្រុមតាលីបង់ មិនទាន់អាចវាយដណ្តើមបាន។
មតិយោបល់