ព័ត៌មានជាតិ

រថយន្តយីឌុកមួយគ្រឿងបើកកៀរម៉ូតូ បណ្តាលឲ្យដួលកិនបែកប្រអប់ជើងនិងបាក់ដៃបុរស០២នាក់

ភ្នំពេញៈ រថយន្តយីឌុកមួយគ្រឿង បើកកៀរម៉ូតូរបស់បុរស២នាក់ ម្នាក់សង្ស័យបាក់ដៃឆ្វង និងម្នាក់ទៀតបែកប្រអប់ជើងឆ្វេង ខណៈជិះម៉ូតូឌុបគ្នាមកពីលេងម្តុំឫស្សីជ្រោយ ខេត្តកណ្តាលហើយដួលបណ្តាលឱ្យជើងឆ្វេងរបស់អ្នកជិះពីក្រោយរអិលចូលកង់រថយន្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ជាង០៣រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ចំណុចខាងលិចមហាវិថី ឈ្នះ ឈ្នះ ប្រមាណ៣រយម៉ែត្រ តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្ត យីឌុកម៉ាកពុយហ្សូពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 023.8379 បើកដោយបុរសម្នាក់ ។ ចំណែកម៉ូតូម៉ាកនិក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GX 4347 ជិះឌុបគ្នាដោយបុរសខ្មែរចាមពីរនាក់ ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះម្នាក់ ឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ទាំងពីរនាក់បាន ជិះម៉ូតូមួយគ្រឿងខាងលើ តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា ជាមួយរថយន្តខាងលើ ដោយរថយន្តនៅខាងឆ្វេង ម៉ូតូនៅខាស្តាំ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោជាច្រើនក្បាលឆ្លងផ្លូវ ពេលនោះរថយន្តបានបង្អង់ល្បឿន គេចសត្វគោមកស្តាំដៃក៏កៀរម៉ូតូ ដែលនៅខាងស្តាំ បណ្តាលឱ្យដួលកង់កណ្តាលផ្នែកខាងស្តាំ នៃរថយន្តកិនប្រអប់ជើងឆ្វេង នៃបុរសអ្នកជិះពីក្រោយ

បើតាមបុរសនិងស្ត្រីពីនាក់ប្តីប្រពន្ធ ដែលជាអ្នកលក់មីឆានៅក្បែរកន្លែងកើតហេតុ ឱ្យដឹងថា រថយន្តនិងម៉ូតូបានបើក ស្របទិសគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មានសត្វគោជាច្រើនក្បាលឆ្លងផ្លូវ ម៉ូតូចាប់ហ្រាំងដួល បណ្តាលឱ្យជើងអ្នកជិះពីក្រោយ រអិលចូលកង់រថយន្តកិនបែកប្រអប់ជើងឆ្វេង និងម្នាក់ទៀតរបួសដៃ ខណៈដែលរថយន្ត បើកត្រង់ធម្មតា ។

ទោះជាយ៉ាងណាបន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តបានបន្តដំណើរចម្ងាយប្រមាណមួយគីឡូម៉ែត្រ ទើបមិនភក្តិរួមដំណើរ ជាមួយជនរងគ្រោះ ជាច្រើននាក់ជិះម៉ូតូតាមទាន់ រួចប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍នាំរថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយរកខុសត្រូវជាក្រោយ ៕

មតិយោបល់