ព័ត៌មានជាតិ

WHO នឹង​ពិនិត្យ​ក្នុងការចុះបញ្ជី​វ៉ាក់សាំងចិន Sinopharm​ និងវ៉ាក់សាំង Sinovac នៅពេលឆាប់ៗខាងមុខនេះ

អ្នកជំនាញ​បច្ចេកទេសនៅ​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​ពិនិត្យ​ក្នុងការចុះបញ្ជី​វ៉ាក់សាំងចិន Sinopharm សម្រាប់​ការប្រើប្រាស់​បន្ទាន់​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២១ និងវ៉ាក់សាំង Sinovac នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២១។

អង្គការ WHO បញ្ជាក់​ប្រាប់​ Reuters កាលពីថ្ងៃទី២២មេសាថា «យើងរំពឹងថា ការសម្រេចចិត្តចុះបញ្ជីវ៉ាក់សាំងទាំងពីរ នឹងធ្វើឡើង​ប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីពិនិត្យរួចរាល់»។

សូមរំលឹក​ថា កាលពីចុងខែមីនាកន្លងទៅ មន្រ្តី​អង្គការ​សុខភាពពិភពលោក (WHO) បាន​ទទួលស្គាល់​នូវប្រសិទ្ធភាព​របស់​វ៉ាក់សាំងកូវីដ១៩ចិន Sinopharm និង Sinovac។ វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ៧៩,៣៤% ខណៈ Sinovac មានប្រសិទ្ធភាព ៥០,៦៥% និង ៨៣,៥% ផ្អែក​លើការចាក់សាកល្បង​ក្នុងប្រទេសប្រេស៊ីល តួកគី និង​ឥណ្ឌូណេស៊ី។

គិតមកដល់ពេលនេះ វ៉ាក់សាំង​ដែលត្រូវបានចុះបញ្ជី​សម្រាប់​ការប្រើប្រាស់​បន្ទាន់​នៅអង្គការ WHO រួមមាន Pfizer, AstraZeneca និង Johnson & Johnson៕

ប្រភព៖ Reuters

 

 

មតិយោបល់