(Reuters)- បើយោងតាមប្រភពការទូតចំនួនពីរបានឲ្យដឹងថាមេដឹកនាំ G7 នៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេ ត្រូវបានគេរំពឹងថា នឹងសន្យាឯកភាពគ្នាថាតើត្រូវទទួលស្គាល់ ឬត្រូវដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់នៅពេលដែលមេដឹកនាំទាំងនោះជួបគ្នាតាមប្រព័ន្ធ វីដេអូ ដើម្បីពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារ៍នេះ។
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកព្រួយបារម្មណ៍ចំពោះការពន្យារពេលរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចទៅលើទីក្រុង Kabul បន្ទាប់ពីបានដួលរលំកាលពីថ្ងៃទី ១៥ ខែសីហា និងមន្រ្តីការទូតបរទេសនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កិច្ចសហប្រតិបត្តិការនឹងក្លាយជាប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ។
មន្រ្តីការទូតរបស់ប្រទេសអឺរ៉ុបម្នាក់បាននិយាយថា “មេដឹកនាំបណ្តាប្រទេស G7 នឹងឯកភាពរួមគ្នាថាតើត្រូវទទួលស្គាល់ក្រុមតាលីបង់ ឬអត់ និងតើការឯកភាពនេះនឹងកើតឡើងនៅពេលណា ហើយនៅពេលដែលការឯកភាពនេះកើតឡើងមេដឹកនាំទាំងនោះប្តេជ្ញាថា នឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ”។
ក្រុមតាលីបង់បានដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័សនៅខែនេះ បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមចាកចេញពីប្រទេសនេះ ហើយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសនេះ ដោយទុកឲ្យរដ្ឋាភិបាលបរទេសជ្រួលច្របល់ និងបានបង្កឲ្យមានការភៀសខ្លួនយ៉ាងរញ៉េរញ៉ៃ និងប្រកបដោយសភាពភ័យខ្លាចដើម្បីចាកចេញពីប្រទេសនេះផងដែរ។
មេដឹកនាំសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាឡឺម៉ង់ កាណាដា និងជប៉ុនអាចប្រើលទ្ធភាពនៃការទទួលស្គាល់ជាផ្លូវការរួមគ្នា ឬដាក់ទណ្ឌកម្មជាថ្មីដើម្បីជម្រុញឲ្យក្រុមតាលីបង់គោរពតាមការសន្យាថា នឹងគោរពសិទ្ធិស្ត្រី និងទំនាក់ទំនងអន្តរជាតិ។
លោកស្រី Karen Pierce ប្រេសិតពិសេសរបស់ចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នឹងសង្កត់ធ្ងន់លើការដោះស្រាយរួមគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំប្រទេស G7 ដែលរួមមានទាំងអគ្គលេខាធិការអង្គការណាតូលោក Jen Stoltenberg និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ។
លោកស្រី Pierce បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងចង់ចាប់ផ្តើមដំណើរការបង្កើតផែនការដ៏ច្បាស់លាស់មួយ ដូច្នេះយើងទាំងអស់គ្នាអាចដោះស្រាយបញ្ហាជាមួយរបបអាហ្វហ្កានីស្ថានថ្មីប្រកបដោយការបង្រួបបង្រួម និងការឯកភាពគ្នា ម្យ៉ាងទៀត យើងនឹងវិនិច្ឆ័យរបបថ្មីដោយសកម្មភាព ដែលមិនមែនត្រឹមតែជាពាក្យសំដីទេ”។
មតិយោបល់