ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចាក់ដូសជំរុញដូចគ្នាឬខុសគ្នា អាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
យោងតាមសេចក្តីប្រកាស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកគោល នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។
គិតរហូតមកដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ចំនួនប្រមាណ ៨៨ភាគរយ ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ចំនួនប្រមាណ ៥៩% ធៀបនឹងគោលដៅចំនួនប្រមាណជិត ២ លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយសារមានការគាំទ្រ និងចូលរួមយ៉ាងសកម្មនិងទូលំទូលាយពីសំណាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នេះ ត្រូវបានរំពឹងថានឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។
សេចក្តីប្រកាសព័ត៌មានរបស់ សម្តេចតេជោបន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង, ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ការរកឃើញជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។ ទឡ្ហីករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ,កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែ សម្រាប់ករណីទូទៅនិងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
ផ្អែកលើទឡ្ហីករណ៍វិទ្យាសាស្ត្រខាងលើនេះ និងយោងតាមប្រភពព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈ ប្រទេសជាច្រើន រួមមាន អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, រុស្ស៊ី, ឈីលី, បារាំង,អង់គ្លេស, អាល្លឺម៉ង់, អូទ្រីស ជាដើម បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីទប់ទល់ជាមួយនឹងការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា, ទន្ទឹមនឹងការសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca ដើម្បីចាក់ជាដូសជំរុញដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមតំបន់ដែល មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) កាលពីដើមខែសីហា ឆ្នាំ២០២១ កន្លងទៅ, ក្រុមការងារជំនាញក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយមិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់ដូសជំរុញនេះថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ៕
មតិយោបល់