ព័ត៌មានជាតិ

មេបញ្ជាការ​ក្រុម​តា​លី​បង់និយាយ​ទៅកាន់អតីតមន្ត្រី​​ម្នាក់ថា កុំ​ភ័យ​ ឬ​ព្យាយាម​លាក់ខ្លួន​រដ្ឋាភិបាល​ត្រូវការ​អ្នកជំនាញ​ដើម្បី​ជួយ​ប្រទេស​របស់​យើង​

(Reuters)​ -​ លោក​ Ashraf​ Haidari​ សេដ្ឋវិទូ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​អា​ហ្គា​នី​ស្ថាន​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​នៅផ្ទះ​នៅ​ពេល​ទទួល​បានការ​ហៅ​ទូរស័ព្ទ​ចូល​ពី​ក្រុម​តា​លី​បង់​ថា​ ៖​ មេបញ្ជាការ​ម្នាក់​បញ្ជា​ឲ្យ​លោក​ចូល​ធ្វើការ​វិញ​ ដូចនេះ​លោក​អាច​ជួយ​ប្រទេស​នៅ​ពេល​ដែល​ “​ជនបរទេស​”​ បាន​ចាកចេញ​ ។​

​រូប​លោក​ ក៏​ដូច​ជា​ប្រជាជន​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែល​ធ្វើការ​ឲ្យ​រដ្ឋបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាងលិច​ដែល​ត្រូវ​ជម្លៀស​ដោយសារ​ការ​វាយ​ដណ្តើម​យក​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ហើយ​លោក​ព្រួយបារម្ភ​ថា​ លោក​អាច​ជា​ជន​រង​គ្រោះ​នៃ​ការ​សងសឹក​។​

​អ្នក​ដែល​និយាយ​តាម​ទូរស័ព្ទ​គឺ​ មេបញ្ជាការ​ក្រុម​តា​លី​បង់​ដោយ​ជំរុញ​ឲ្យ​លោក​ Haidari​ ត្រលប់​ទៅ​ក្រសួង​របស់​លោក​វិញ​ ដែល​លោក​ត្រូវ​ធ្វើការ​បែងចែក​ថវិកា​ទៅ​ខេត្ត​ចំនួន​ ៣៤​ ក្នុង​ប្រទេស​។​

​លោក​ Haidari​ អាយុ​ ៤៧​ ឆ្នាំ​បាន​ប្រាប់​រ៉​យ​ទ័​រថា​ “​មេបញ្ជាការ​និយាយ​ថា​ កុំ​ភ័យ​ ឬ​ព្យាយាម​លាក់ខ្លួន​រដ្ឋាភិបាល​ត្រូវការ​អ្នកជំនាញ​ដើម្បី​ជួយ​ប្រទេស​របស់​យើង​បន្ទាប់​ពី​ជនបរទេស​ចាកចេញ​”​ ។​

​ដើម្បី​សម្រប​តាម​បទដ្ឋាន​នៃ​ច្បាប់​របស់​ក្រុម​តា​លី​បង់​ដែល​កាលពីមុន​ពួក​គេ​អនុវត្ត​យ៉ាង​ឃោ​ឃៅ​លើ​ការ​អនុវត្ត​ច្បាប់​អ៊ី​ស្លា​មយ៉ាង​តឹងរ៉ឹង​ លោក​ Haidari​ បាន​ទុក​ពុកចង្ការ​។​ កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​ទទួល​បានការ​ហៅ​តាម​ទូរស័ព្ទ​ លោក​បាន​ស្លៀក​ឈុត​សំលៀក​បំពាក់​ប្រពៃណី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ជួប​ជាមួយ​អ្នកដឹកនាំ​ថ្មី​របស់​លោក​។​

​រ៉​យ​ទ័​របា​ន​និយាយ​ជាមួយ​មន្ត្រី​ថ្នាក់​កណ្តាល​បី​នាក់​ផ្សេង​ទៀត​នៅ​ក្រសួង​ហិរញ្ញវត្ថុ​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ធនាគារកណ្តាល​ដែល​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​ក្រុម​តា​លី​បង់​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​ធ្វើការ​វិញ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ និង​កង្វះ​សាច់ប្រាក់​។​

​លោក​ Sohrab​ Sikandar​ ដែល​ធ្វើការ​នៅ​ក្នុង​នាយកដ្ឋាន​ប្រាក់​ចំណូល​របស់​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ លោក​មិន​បានឃើញ​ស្ត្រី​ដែល​ជា​មិត្ត​រួមការ​ងារ​របស់​លោក​ទេ​ ចាប់តាំងពី​លោក​ត្រលប់​មក​ធ្វើការ​ក្នុង​ការិយាល័យ​វិញ​។​

​ក្នុង​កំឡុង​ពេល​ដែល​ក្រុម​តា​លី​បង់​គ្រប់គ្រង​ចន្លោះ​ឆ្នាំ​ ១៩៩៦​ ដល់​ ២០០១​ ស្ត្រី​មិន​អាច​ធ្វើការ​បាន​ទេ​ ហើយ​ត្រូវ​បិទ​បាំង​មុខ​ និង​ត្រូវ​សាច់ញាតិ​ជា​បុរស​រួម​ដំណើរ​ប្រសិនបើ​ពួក​គេ​ចង់​ធ្វើ​ដំណើរ​ចេញពីផ្ទះ​។​

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​សន្យា​ធានា​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា​ ពួក​គេ​មិន​សងសឹក​ទៅ​លើ​ប្រជាជន​ទាំងនោះ​ទេ​ ហើយ​ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​ធ្វើការ​ដរាបណា​ការងារ​របស់​ពួក​គេ​ស្រប​តាម​ច្បាប់​អ៊ី​ស្លា​ម​ ៕

មតិយោបល់