CAMSOC-ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេល ៣សប្ដាហ៍ ដោយសារបញ្ហាកូវីដ-១៩ ។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ។
ចំពោះកម្មវិធីប្រកួតចុងសប្ដា៍នេះ ក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army) នាល្ងាចថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋាន Smart RSN មុនក្រុមសូលទីឡូអង្គរ ជួបក្រុមនគរបាលជាតិ នាថ្ងៃទី០១ ខែកញ្ញា នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ដែលជាការប្រកួតបង្គ្រប់សប្ដាហ៍ទី៦ ដូចគ្នា ។
ដោយឡែកសប្ដាហ៍ក្រោយ ការប្រកួតនឹងដំណើរការធម្មតាជាមួយការបន្ដការប្រកួតជុំទី១ សប្ដាហ៍ទី១២ ដែលមាន ៦ប្រកួតពេញ នាថ្ងៃទី០៤-០៥ ខែកញ្ញា ។ ការប្រកួតជុំទី១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា មុនបន្ដការប្រកួតជុំទី២ ដែលគ្រោងផ្លាស់ប្ដូររូបមន្ដប្រកួតដោយបែងចែកជា ២ គឺការប្រកួត Top-8 និង 5 Bottom មានន័យថា ក្រុមឈរលេខ១ ដល់លេខ៨ នៃជុំទី១ ត្រូវប្រកួតប្រជែងពាន និង ៥ក្រុមក្រោមគេ ត្រូវលេងដើម្បីរក្សាកៅអីក្នុងលីគ ឆ្នាំ២០២២ ។
គិតត្រឹមសប្ដាហ៍ទី១១ មុនលីគផ្អាកការប្រកួត ៣សប្ដាហ៍កន្លងទៅ គេឃើញ ៥ក្រុមកំពូលតារាងមានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀកប្រកិត រួមមានវិសាខា (២២ពិន្ទុ), បឹងកេត (២១ពិន្ទុ), អង្គរថាយហ្គឺរ (២០ពិន្ទុ), ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ (១៩ពីន្ទុស្មើគ្នា) បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ។ ចំណែកភ្នំពេញក្រោន ឈរលេខ៦ និងមាន ១៨ពិន្ទុក្នុងដៃ តែពួកគេទើបប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ ៕



មតិយោបល់