ព័ត៌មានជាតិ

លោក​ Joe Biden​ និយាយ​ថា​ នឹងរៀបចំ​ផែនការ​សងសឹកវាយប្រហារ​លើ​ក្រុម​ ISIS-K​ ដែល​ជា​អ្នកបំផ្ទុះ​គ្រាប់បែក​

(Reuters)​ -​ នៅ​ថ្ងៃ​សុក្រ​នេះ​ កងទ័ព​សហរដ្ឋអាមេរិក​ដែល​កំពុង​ជួយ​ជម្លៀស​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​ព្យាយាម​ភៀសខ្លួន​ចេញពី​ការ​គ្រប់គ្រង​របស់​ក្រុម​តា​លី​បង់​ បាន​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​វាយប្រហារ​ដែល​នឹង​មាន​បន្ថែម​ទៀត​ បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​វាយប្រហារ​ទៅ​លើ​ច្រក​ទ្វារ​មួយ​ចំនួន​ដែល​មាន​មនុស្ស​កុះករ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ Kabul​ ដោយ​បាន​សម្លាប់​ប្រជាជន​ស៊ី​វិល​ជា​ច្រើន​នាក់​ និង​ទាហាន​សហរដ្ឋអាមេរិក​យ៉ាង​ហោច​ណាស់​ចំនួន​ ១៣​នាក់​ផង​ដែរ​។​

​តាម​សម្តី​របស់​មន្ត្រី​សុខាភិបាល​ទីក្រុង​ Kabul​ បាន​និយាយ​ថា​ ប្រជាជន​ស៊ី​វិល​ចំនួន​ ៦០​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ វី​ដេ​អូ​ដែល​ថត​ដោយ​អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បង្ហាញ​ពី​សាកសព​រាប់​សិប​នាក់​ ដែល​រាយ​ប៉ាយ​ជុំវិញ​ប្រឡាយ​មួយ​នៅ​ក្បែរ​អាកាសយានដ្ឋាន​ ។​ សាក្សី​ជា​ច្រើន​នាក់​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​ និង​ការ​បាញ់ប្រហារ​ទៅ​លើ​តំបន់​នោះ​។​

​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ (ISIS)​ បាន​និយាយ​ថា​ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ខ្លួន​ម្នាក់​បាន​សម្រេច​គោលដៅ​ទៅ​លើ​ “​អ្នកបកប្រែ​ និង​អ្នក​សហការ​ជាមួយ​កងទ័ព​អា​មេ​រិ​ក​”​។​ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ក៏​បាន​ស្តីបន្ទោស​ទៅ​លើ​ក្រុម​នេះ​ និង​ប្តេជ្ញា​ថា​សងសឹក​វិញ​។​

​ឧត្តមសេនីយ៍​ Frank​ McKenzie​ មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​កងទ័ព​អា​មេ​រិ​កបាន​និយាយ​ថា​ មេបញ្ជាការ​សហរដ្ឋអាមេរិក​បាន​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ ការ​វាយប្រហារ​ដែល​អាច​មាន​បន្ថែម​ទៀត​ពី​ក្រុម​រដ្ឋ​ឥ​ស្លា​ម​ រួម​ទាំង​អាច​មាន​គ្រាប់​រ៉ុក្កែត​ ឬ​យានយន្ត​បង្កប់​គ្រាប់បែក​សំដៅ​ទៅ​កាន់​អាកាសយានដ្ឋាន​។​

​លោក​បាន​និ​យា​ថា​ “​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ត្រៀមខ្លួន​”​។​

​កងកម្លាំង​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​បញ្ចប់​ការ​ដកខ្លួន​ទាំងស្រុង​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ត្រឹម​ថ្ងៃ​ទី​៣១​ ខែសីហា​ ជា​ថ្ងៃ​កំណត់​ដោយ​ប្រធានាធិបតី​លោក​ Joe​ Biden​ ដែល​លោក​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​សម្រេច​នូវ​ហេតុផល​ត្រឹមត្រូវ​ដំបូង​របស់​ខ្លួន​តាំងពី​យូរណាស់​មក​ហើយ​ ដោយ​ចូល​មក​កាន់​ប្រទេស​នេះ​កាលពី​ឆ្នាំ​២០០១​ ដើម្បី​កំចាត់​ក្រុម​សកម្មប្រយុទ្ធ​ al​ Qaeda​ និង​ការពារ​កុំឱ្យ​មានការ​វាយប្រហារ​ដូច​ថ្ងៃ​ ទី​១១​ ខែកញ្ញា​មក​លើ​ខ្លួន​ម្តងទៀត​។​

​លោក​ប្រធានាធិបតី​ Biden​ បាន​និយាយ​ថា​ លោក​បាន​បញ្ជា​ឲ្យ​មន្ទីរ​បញ្ច​កោណ​រៀបចំ​ផែនការ​វាយប្រហារ​លើ​ក្រុម​ ISIS-K​ ដែល​ជា​សម្ព័ន្ធ​របស់​រដ្ឋ​អ៊ី​ស្លា​ម​ដោយ​បាន​អះអាង​ថា​ នឹង​ទទួលខុសត្រូវ​។​

​អំឡុង​ការ​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​ពី​សេត​វិមាន​ លោក​ប្រធានាធិបតី​ Biden​ បាន​និយាយ​ថា​ “​យើង​នឹង​មិន​អភ័យទោស​ និង​មិន​ភ្លេច​នោះ​ទេ​។​ យើង​នឹង​តាម​ប្រមាញ់​អ្នក​ និង​ធ្វើ​ឲ្យ​អ្នក​សង​អ្វី​គ្រប់យ៉ាង​មក​វិញ​”​។​

​វី​ដេ​អូ​ពី​កន្លែង​កើតហេតុ​បាន​បង្ហាញ​ពី​សាកសព​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ប្រឡាយ​ក្បែរ​របង​អាកាសយានដ្ឋាន​នោះ​ ខណៈ​ដែល​សាកសព​មួយ​ចំនួន​ត្រូវ​បាន​ស្រង់​ចេញ​ និង​ដាក់​គរ​លើ​គ្នា​ កំឡុង​ពេល​ដែល​ប្រជាជន​ស៊ី​វិល​ជា​ច្រើន​នាក់​ស្រែកយំ​ និង​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​ ៕

 

មតិយោបល់