ព័ត៌មានជាតិ

ក្រុមតាលីបង់នឹងអនុញ្ញាតឲ្យ​ជនបរទេស និង​ពលរដ្ឋអាហ្វហ្កានីស្ថានអាចចាកចេញទៅក្រៅប្រទេស​ ដោយសុវត្ថិភាព ទោះ​ផុតថ្ងៃទី​៣១សីហាក៏ដោយ

យោងតាមលិខិត​ប្រកាសមួយ របស់តំណាងរដ្ឋភិបាល​អាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្ត បាន​បញ្ជាក់ថា គេបានទទួល​ការធានា​អះអាងយ៉ាងច្បាស់ ពីក្រុមតាលីបង់ថា គេនឹង​អនុញ្ញាតឲ្យ​ជនបរទេស ក៏ដូចជាប្រជាជនអាហ្វហ្កានីស្ថាន អាចធ្វើដំណើរចាកចេញពី​អាហ្វហ្កានីស្ថាន ដោយសុវត្ថិភាព បើអ្នកនោះមានលិខិតស្នាមធ្វើដំណើរត្រឹមត្រូវ បន្ទាប់ពីថ្ងៃទី៣១សីហា។

លិខិតនោះបន្ថែមថា ប្រទេសហត្ថលេខី មានបារាំង អង់គ្លេស អេស្ប៉ាញ អូស្ត្រាលី និងជប៉ុន នឹងបន្តចេញទិដ្ឋាកា និងឯកសារចាំបាច់នានា ជូនដល់ប្រជាជនអាហ្វហ្កានីស្ថានណា ដែលចង់ធ្វើដំណើរចាកចេញពី​ប្រទេសនេះ។

ថ្លែងក្នុង​បទសម្ភាសន៍​មួយ ផ្តល់ឲ្យ​ដល់​ទូរទស្សន៍​បារាំង TF1 នៅល្ងាច​ថ្ងៃអាទិត្យ​ទី២៩​សីហា លោក​​ម៉ាក្រុង​ដែលកំពុង​ស្ថិតនៅ​ប្រទេស​អ៊ីរ៉ាក់ បានលើក​ឡើងថា បារាំងរួម​ជាមួយ​​សម្ព័ន្ធមិត្ត កំពុងតែ​ចរចា​ជាមួយ​​ក្រុមតាលីបង់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​​អាហ្វហ្កានីស្ថាន អាច​ចាកចេញពី​ប្រទេស​ដោយ​សុវត្ថិភាព នៅ​ក្រោយថ្ងៃ​ទី​៣១សីហា។ លោក​​ម៉ាក្រុងបន្ថែមថា នៅមាន​ប្រជាជនអាហ្វហ្កានីស្ថានជាច្រើនពាន់នាក់ទៀត ដែលត្រូវការការ​ការពារ។

សូមបញ្ជាក់ថា ប្រតិបត្តិការ​​ជម្លៀសមនុស្ស​តាមយន្តហោះ របស់​ប្រទេសធំៗ ដូចជាបារាំង​ អង់គ្លេស អាល្លឺម៉ង់ ជាដើម ត្រូវបាន​បិទបញ្ចប់ហើយ។ បច្ចុប្បន្នគឺនៅសល់តែ​កងទ័ពអាមេរិកតែប៉ុណ្ណោះ ដែល​នៅ​បង្ហើយ​កិច្ចការ​នៅទីក្រុង​កាប៊ុល មុននឹង​ចាកចេញ​ទាំងស្រុង​នៅថ្ងៃទី​៣១​សីហា។ ទោះយ៉ាងនេះក្តី ប្រជាជន​អាហ្វហ្កានីស្ថាន​រាប់ពាន់នាក់ នៅតែ​ពពាក់ពពូន ស្វែងរក​វិធីដើម្បី​អាចធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​ ដោយ​​ម្នាក់​ខ្លាចក្រែង​របប​ផ្តាច់ការ​របស់​​ក្រុម​តាលីបង់។​

ទន្ទឹមគ្នានេះ បញ្ហាសន្តិសុខ​កំពុង​ចោទ​ឡើង​ជាខ្លាំង ដោយ​​គេភ័យបារម្ភ​ពី​ការ​វាយប្រហារ​ភេរវកម្ម នៅ​តំបន់​ក្បែរ​ព្រលាន​យន្តហោះ។ យ៉ាងណាមិញ កាលពីរសៀសថ្ងៃ​អាទិត្យ​ទី​២៩​សីហា កងទ័ពអាមេរិក​បាន​បញ្ជា​យានដ្រូន​ កម្ទេច​រថយន្ត​មួយគ្រឿង ដែលផ្ទុក​ទៅដោយ​​គ្រាប់​ផ្ទុះ ខណៈ​រថយន្តនោះ កំពុងតែ​បើក​សំដៅ ទៅកាន់​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​។ ប្រតិបត្តិការ​នៅ​នាទី​ចុងក្រោយរបស់​កងទ័ព​អាមេរិក​នេះ បាន​ប​ញ្ចៀស អំពើភេរវកម្ម ដែល​តាមការសង្ស័យ ​គឺជា​គម្រោង​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕

មតិយោបល់