យោធារបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់បញ្ឈរជើងរយៈពេលពីរទសវត្សរ៍កន្លងមកនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានដកចេញអស់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកនិងក្រុមតាលីបង់។
មន្ត្រីជាន់ខ្ពស់របស់ក្រុមតាលីបង់មួយរូបបានប្រាប់វីអូអេថា ជើងយន្តហោះយោធាសហរដ្ឋអាមេរិកចុងក្រោយបំផុតបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីកាប៊ុល ក្នុងរយៈពេលមិនយូរប៉ុន្មានក្រោយរំលងអាធ្រាត្រចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ (ម៉ោងក្នុងប្រទេសអាហ្វហ្គានីស្ថាន)។
មន្ត្រីតាលីបង់រូបនោះថ្លែងថា៖ «រាល់កងកម្លាំងកាន់កាប់របស់បរទេសទាំងអស់បានត្រូវដកចេញពីប្រទេស [អាហ្វហ្គានីស្ថាន] នៅមុននេះបន្តិច»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកឧត្តមសេនីយ៍ Frank McKenzie មេបញ្ជាការបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ត្រូវបានទីភ្នាក់ងារព័ត៌មាន AP ដកស្រង់សម្តីថា យន្តហោះយោធាចុងក្រោយបង្អស់បានហោះចេញនៅថ្ងៃច័ន្ទ វេលាម៉ោង ៣:២៩ នាទីរសៀល ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវនឹងម៉ោង ១១:៥៩ នាទីអាធ្រាត្រ ម៉ោងនៅក្នុងរដ្ឋធានីកាប៊ុល។ លោកថ្លែងថា នៅមានពលរដ្ឋអាមេរិកាំងក្នុងចំនួនប៉ុន្មានរយនាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ ហើយលោកជឿថាពួកគេនឹងនៅអាចចាកចេញពីប្រទេសនេះបាន។
ព័ត៌មានអំពីជើងយន្តហោះយោធាចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាននេះកើតមានឡើង ខណៈដែលសេតវិមាននិងមន្ទីរបញ្ចកោណបានសន្យាថានឹងបន្តជួយជម្លៀសពលរដ្ឋអាមេរិកនិងពលរដ្ឋអាហ្វហ្គានីស្ថានដែលងាយរងគ្រោះ ឲ្យចេញពីរដ្ឋធានីកាប៊ុលរហូតដល់«នាទីចុងក្រោយ» ដោយបានហៅការជម្លៀសខ្លួននេះថាជាការជម្លៀសខ្លួនតាមផ្លូវអាកាសធំបំផុតនៅក្នុងប្រវត្តិសាស្ត្រយោធារបស់សហរដ្ឋអាមេរិក៕
មតិយោបល់