ព័ត៌មានជាតិ

កូរ៉េខាងត្បូង បាញ់សាកល្បងមីស៊ីលបាលិស្ទីគចេញពីនាវាមុជទឹក ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគប្រភេទ (SLBM) ចេញពីនាវាមុជទឹកដោយជោគជ័យ ក្នុងនាមជាប្រទេសដំបូងគេគ្មានអាវុធនុយក្លេអ៊ែរដែល អភិវឌ្ឍបាននូវសមត្ថភាពមីស៊ីលមួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ចេញពីប្រភពយោធាដែលមិនបញ្ចេញឈ្មោះថា នាវាមុជទឹក Dosan Ahn Chang-ho ថ្មីមួយគ្រឿង បានដឹកនាំការធ្វើតេស្តបាញ់មីស៉ីលចេញពីក្រោមទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីការធ្វើតេស្តស្រដៀងគ្នានេះត្រូវបានធ្វើឡើងកាលពីខែមុន។

មីស៊ីល SLBM នេះមានឈ្មោះថា Hyunmoo 4-4 ហើយត្រូវបានគេជឿថា ជាប្រភេទមីស៊ីលដែលអភិវឌ្ឍចេញមីស៉ីលបាលិស្ទីគ Hyunmoo-2B របស់កូរ៉េខាងត្បូងដែល អាចបាញ់បានក្នុងរយៈចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ។

SLBMs ត្រូវបានអភិវឌ្ឍឡើងដោយប្រទេសចំនួន៧ ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស បារាំង ឥណ្ឌា និងកូរ៉េខាងជើង។ ប្រទេសទាំងអស់នោះ ក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរដែលជាធម្មតាត្រូវបានគេប្រើដើម្បីបំពាក់ SLBMs ផងដែរ៕

ប្រភព៖​​​​​​ Yonhap

មតិយោបល់