ទីភ្នាក់ងារស្ត្រីអង្គការសហប្រជាជាតិ បានសម្តែងការខកចិត្តយ៉ាងខ្លាំងនៅថ្ងៃពុធចំពោះអវត្តមានស្ត្រីនៅក្នុងរដ្ឋាភិបាលអន្តរកាលថ្មីរបស់តាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន។
លោកស្រី Alison Davidian អនុប្រធានផ្នែកស្ត្រីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់អ្នកយកព័ត៌មានតាមរយៈវីដេអូពីទីក្រុងកាប៊ុលថា «យើងមិនអាចទទួលយកបានឡើយដែលសហគមន៍អន្តរជាតិ នឹងយល់ព្រមទទួលស្គាល់រដ្ឋាភិបាលដែលមិនមានស្ត្រី។ មិនត្រឹមតែប្រទេសអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់ប្រទេសទាំងអស់»។
នៅក្នុងការប្រកាសអំពីរដ្ឋាភិបាលស្តីទីថ្មីកាលពីថ្ងៃអង្គារ ក្រុមតាលីបង់ដែលគេដឹងថា គាបសង្កត់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិស្ត្រីក្នុងអំឡុងពេលកាន់អំណាចពីមុនក្នុងទសវត្សរ៍១៩៩០ និងដើមទសវត្សរ៍ ២០០០នោះ បានបង្ហាញបញ្ជីរដ្ឋមន្ត្រីដែលមានតែបុរសប៉ុណ្ណោះ។ ក្រសួងកិច្ចការនារី ក៏មិនមានដែរ។
លោកស្រី Davidian បានមានប្រសាសន៍ថា «ការគោរពសិទ្ធិស្ត្រី គឺជាការសាកល្បងសម្រាប់អាជ្ញាធរគ្រប់គ្រង និងសម្រាប់វិនិច្ឆ័យអំណាចគ្រប់គ្រង។ ប៉ុន្តែក្នុងការប្រកាសនោះ ពួកតាលីបង់ខកខានឱកាសដ៏សំខាន់មួយដើម្បីបង្ហាញពិភពលោកថា ខ្លួនពិតជាប្តេជ្ញាចិត្តកសាងសង្គមចម្រុះនិងវិបុលភាព»។
ទីភ្នាក់ងារស្ត្រីអង្គការសហប្រជាជាតិ បានធ្វើការនៅក្នុងប្រទេសនេះជាងមួយទសវត្សរ៍ ហើយវត្តមានរបស់ទីភ្នាក់ងារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាផ្នែកមួយដ៏សំខាន់ដោយមានបុគ្គលិកជាតិ និងអន្តរជាតិប្រមាណ ៧៥នាក់ នៅតាមការិយាល័យក្នុងរដ្ឋធានី និងខេត្តចំនួន៥។
ប៉ុន្តែដំណើរទៅរកសេរីភាពកាន់តែច្រើននោះ មានសភាពយឺតយ៉ាវ ព្រោះស្ត្រីភាគច្រើនលើសលប់មិនចេះអក្សរ និងមានមុខងារតិចតួច។ រដ្ឋធម្មនុញ្ញឆ្នាំ ២០០៤ បានចែងថា សមភាពយេនឌ័រជាគោលការណ៍មួយ ហើយស្ត្រីដែលឃើញការរីកចម្រើនជិតពីរទសវត្សរ៍នេះ មិនចង់ឱ្យវាបាត់បង់នោះទេ។ ហើយក៏មានការរីកចម្រើនផងដែរក្នុងការបង្កើតច្បាប់ដែលកំណត់ថា អំពើហិង្សាលើស្ត្រី គឺខុសច្បាប់៕
មតិយោបល់