CAMSOC-ភ្នំពេញ៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន REIYA KINOSHITA បានតាំងចិត្តខ្ពស់ថា ក្រុមគិរីវង់សុខ សែនជ័យនឹងទទួលបាន៣ពិន្ទុ សម្រាប់ជំនួបជាមួយ ណាហ្គាវើលដ៍ ប្រចាំសប្តាហ៍ទី១៣ នារសៀលថ្ងៃសៅរ៍ទី១១ ខែកញ្ញានេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។
REIYA KINOSHITA ដែលលេងបានច្រើនទម្រង់ ប្រយុទ្ធក៏បាន ខ្សែបម្រើប្រយុទ្ធក៏បាន លើកឡើងថា «ការប្រកួតថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើងអាចធានាបានកៅអី ក្នុងចំណោម Top 8 នៅជើងទី២ ដើម្បីប្រជែងតំណែងជើងឯក ប្រចាំឆ្នាំ២០២១។ កីឡាករ ទាំងអស់ពិតជាបានយល់ច្បាស់អំពីរឿងនេះ ដូច្នេះពួកយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ជ័យជម្នះ ថ្ងៃនេះ។ ទោះវាមានភ្លៀងធ្លាក់ច្រើន នៅសប្តាហ៍នេះ ដែលធ្វើឲ្យខ្ញុំ មានការព្រួយបារម្ភខ្លះៗក្តី ប៉ុន្តែវាមិនបានជះឥទ្ធិពលដល់ការតាំងចិត្តរបស់ពួកយើងឡើយ ហើយខ្ញុំតែងតែចិញ្ចឹមចិត្ត ក្នុងការស្វែងរកគ្រាប់បាល់សម្រាប់ក្រុម»។
ដោយឡែកលោក ឯម តារា អគ្គលេខាធិការរង ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានមានប្រសាសន៍ថា ជំនួបជាមួយក្លិបណាហ្គាវើលដ៍ គឺជាការប្រកួតដ៏សំខាន់ ដោយត្រូវការឈ្នះជាចាំបាច់ ដើម្បីធានាកៅអី Top 8 ដោយសុវត្តិភាព ១០០% អាចបន្តប្រជែងជាមួយក្រុមខ្លាំងៗ នៅជើងទី២បន្តទៀត។ អគ្គលេខាធិការរងរូបនេះបានបង្ហាញការជឿជាក់លើកូនក្រុមរបស់ខ្លួនថានឹងធ្វើបានល្អដោយសារពួកគេបង្កើនការហ្វឹកហាត់ តាមរយៈការប្រកួតជាមួយក្រុមកំពូលតារាងវិសាខា ទោះមិនទទួលបានជ័យជម្នះ ប៉ុន្តែក្រុមទាំងមូលបានសហការគ្នាបានល្អបង្ហាញពីឆន្ទៈខិតខំ ដូច្នេះសម្រាប់ជំនួបជាមួយណាហ្គាវើលដ៍ យើងនឹងទទួលបានលទ្ធផលជាក់ជាមិនខាន។
សម្រាប់ប្រវត្តិជួបគ្នា៣ប្រកួតចុងក្រោយ ណាហ្គាវើលដ៍ ឈ្នះ គិរីវង់សុខសែនជ័យ ១-០, ណាហ្គាវើលដ៍ ចាញ់ គិរីវង់សុខសែនជ័យ ០-២ និងក្រុមគិរីវង់សុខសែនជ័យ ស្មើគ្នា ១-១ ជាមួយណាហ្គាវើលដ៍។ រីឯនៅតារាងពិន្ទុសរុបវិញ ក្រុមគិរីវង់សែនជ័យមាន១២ពិន្ទុ ឈរលេខ៨ ក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ៤ ចាញ់៦ ខណៈ១០ប្រកួតរបស់ណាហ្គាវើលដ៍ឈ្នះ៥ ស្មើ៤ និងចាញ់១ មាន១៩ពិន្ទុ ឈរលេខរៀងទី៦។
សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជើងទី១នឹងបិទបញ្ចប់ នៅថ្ងៃទី១៥ ខែកញ្ញា ហើយជើងទី២នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា៕ ប្រភពរូបភាព៖ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ
មតិយោបល់