(ម៉ូស្គូ)៖ រុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី លោក John Sullivan ឱ្យមកជួបពិភាក្សាគ្នាទាក់ទងនឹងការចោទប្រកាន់ថា សហរដ្ឋអាមេរិកលូកលាន់កិច្ចការបោះឆ្នោតសភារុស្ស៉ី ដែលគ្រោងនឹងប្រព្រឹត្តនៅសប្ដាហ៍ក្រោយនេះ។
បើតាមក្រសួងការបរទេសរុស្ស៉ី លោក John Sullivan ត្រូវបានកោះហៅឱ្យមកជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov។ កំលុងនៃកិច្ចប្រជុំនេះ ភាគីរុស្ស៉ីបានអះអាងថា មានភស្តុតាងដែលមិនអាចប្រកែកបានថា ក្រុមហ៊ុនឌីជីថលយក្សរបស់សហរដ្ឋអាមេរិក បានរំលោភលើច្បាប់រុស្ស៉ី ទាក់ទងនឹងការរៀបចំសម្រាប់ការបោះឆ្នោតសភាជាន់ទាបរុស្ស៉ី។
ក្រសួងការបរទេសរុស្ស៉ី បន្ថែមថានឹងមិនអាចអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសណាមួយ ចូលទៅកាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួននោះឡើយ។ តែទីក្រុងវ៉ាស៊ីនតោន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕
ប្រភព៖ Reuters
មតិយោបល់