ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិសជម្រាបជូនមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបច្បាស់ អំពីដើមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូរងបួសត្រង់ក្បាល នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១
ស្របពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបើកបរពីត្បូងទៅជើង ដោយបុរសម្នាក់ជាអ្នកបើកបរដឹកស្ត្រីម្នាក់ ដោយឃើញអ្នកបើកបរ និងអ្នករួមដំណើរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃើញដូច្នេះអ្នកបើកបរល្មើសច្បាប់រូបនោះ បានបើកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដើមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ឱ្យឈប់ដើម្បីធ្វើការសាកសួរ ត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែជនបើកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចើមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណើរខាងក្រោយធ្លាក់ពីលើម៉ូតូរងរបួសបែកក្បាល
ដោយផ្អែកលើមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចខាងក្រោម :
១. បើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
២. បើកបរបញ្ច្រាសទិស
៣. បើកបរលើសល្បឿនកំណត់ (40km/h)
៤. បើកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់
៥. បើកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឱ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់ ៕
ដោយយោងលើមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវ និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើ អ្នកបើកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ ។
យោងលើចំណុចដូចបានបញ្ជាក់ជូនខាងលើ សមត្ថកិច្ចរីករាយទទួលយកនៅការចូលរួមមតិរបស់បងប្អូនប្រជាពលរដ្ឋ ។
និយាយជារួមបើអ្នកបើកបរមិនល្មើស មិនបើករត់ នោះរឿងហេតុដែលបង្កឱ្យគ្រោះថ្នាក់ក៏មិនកើតមានឡើងឡើយ ៕
មតិយោបល់