លោក ចូ បៃដិន បានសម្រេចបើកចំហឯកសារ ដែលជារបាយការណ៍កំណត់ហេតុ របស់ទីភ្នាក់ងារ FBI ដែលត្រូវបានសរសេរ នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៦។ ជាកំណត់ហេតុ ដែលផ្អែកលើ ការឆ្លងឆ្លើយសួរនាំគ្នា រវាងភ្នាក់ងារ FBI ជាមួយនឹងប្រភពម្នាក់របស់FBI ដែលគេមិនបញ្ចេញឈ្មោះ នៅរវាងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥។ កំណត់ហេតុបានរំលេចឲ្យឃើញ នូវ ទំនាក់ទំនងស្អិតរមួត រវាងមនុស្សម្នាក់ ឈ្មោះ Omar al-Bayoumi ជាមួយនឹងជនជីហាត២នាក់ ឈ្មោះ Nawaf al-Hazmi និង Khalid al-Mihdhar ដែលជាអ្នកប្លន់យន្តហោះបើកទៅបុក អាគារ World Trad Center។
យោងតាមប្រភពច្បាស់ការណ៍នេះ គឺជនឈ្មោះ Omar al-Bayoumi ជានិស្សិតជនជាតិអារ៉ាប៊ីសាអូឌីត មករៀននៅអាមេរិក តែព្រមពេលជាមួយគ្នានេះ គឺជននេះជាក៏ភ្នាក់ងារចារកិច្ច របស់អារ៉ាប៊ីសាអូឌីត ហើយថែមទាំងមានមុខតំណែងសំខាន់មួយ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅកាលីហ្វ័រញ៉ា។ នៅពេលដែលជនជីហាតទាំង២ខាងលើ បានធ្វើដំណើរមកដល់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ២០០០ ដើម្បីត្រៀមរៀបចំធ្វើភេរវកម្ម គឺជនឈ្មោះ Omar al-Bayoumi នេះឯង ដែលជាអ្នកជួយជ្រោមជ្រែង ជួយបកប្រែ ជូនទៅនេះទៅនោះ ផ្តល់កន្លែងស្នាក់នៅ និងប្រាក់កាសជាដើម។
កំណត់ហេតុ ក៏បានបង្ហាញឲ្យឃើញផងដែរ នូវទំនាក់ទំនង រវាងជនជីហាតទាំង២ ជាមួយគ្រូគង្វាលអ៊ីស្លាមម្នាក់ ឈ្មោះFahad al-Thumairy។ គ្រូគង្វាលអ៊ីស្លាមនេះ ប្រចាំការនៅវិហារអ៊ីស្លាមក្រុង Los Angeles ហើយក៏ធ្លាប់ជាមន្ត្រីទូតផ្លូវការម្នាក់ របស់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតដែរ នៅរវាងចុងទសវត្សឆ្នាំ៩០។ មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារFBI បានកត់ត្រា ថាគេបានរកឃើញថា ជនឈ្មោះ Omar al-Bayoumi រួមជាមួយគ្រូគង្វាលអ៊ីស្លាមFahad al-Thumairy ធ្លាប់បានជួបប្រជុំគ្នា និងនិយាយទូរស័ព្ទ ជាមួយជនម្នាក់ទៀត ឈ្មោះ Anouar al-Aulaqi ដែលជាជនជាតិអាមេរិក ដើមកំណើតយេម៉ែន ហើយដែលគេស្គាល់ថាជាមេឃោសនាអូសទាញរបស់បណ្តាញអាល់កៃដា ប្រចាំនៅឧបទ្វីបអារ៉ាប់។ ជននេះត្រូវបានទាហានអាមេរិកបញ្ជាយានដ្រូនទំលាក់គ្រាប់សម្លាប់កាលពីខែកញ្ញាឆ្នាំ២០១១។
មតិយោបល់