ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលគ្រិះស្ថានសិក្សារដ្ឋ និងឯកជនចាប់ផ្ដើមបើកឲ្យមានដំណើរការអប់រំឡើងវិញ ក្រោយការអនុញ្ញាតរបស់ក្រសួងអប់រំយុវជន និងកីឡា។ ជាមួយគ្នានោះ ក្រសួងអប់រំក៏បានដាក់ចេញនូវគោលការណ៍៧ចំនុច ដើម្បីធានាដល់សុខមាលភាពគ្រូ និងសិស្សក្នងអំឡុងពេលនៃការអប់រំផ្ទាល់ឡើងវិញនេះ។
គោលការណ៍ទាំងនោះរួមមានជាអាថិ៍ តម្រូវឲ្យមានការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រិះស្ថានសិក្សាដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកពាក់ព័ន្ធក្នុងការកំណត់ផែនការសកម្មភាពផ្សេងៗ ក៏ដូចជាមានទីតាំងជាក់លាក់ដើម្បីផ្ទុកសម្ភារៈសង្រ្គោះបឋម។ នៅតាមសាលារៀនត្រូវមានវិធានការសុវត្ថិភាព និងអនាម័យជាប្រចាំដូចជាការវាស់កម្ដៅមុនចូលបរិវេនសាលា ការសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងអនាម័យក្នុងការហូបចុកជាដើម។ សាលារៀនត្រូវមាននូវសម្ភារៈបរិក្ខាអនាម័យ ដោយមានទឹកស្អាតសម្រាប់ទទួលទាន មានបង្គន់អនាម័យស្អាត ព្រមទាំងមានការលាងសម្អាតធុងសំរាមជាប្រចាំផងដែរ។
ជាការធានាបាននូវហានិភ័យឆ្លងទៀតនោះ ត្រូវមានការធ្វើតេស្ដរហ័សលើបុគ្គលិកអប់រំ និងអ្នកសិក្សាក្នុងរយៈពេលយ៉ាងតិចម្ដងក្នុងចន្លោះពី១ទៅ២សប្ដាហ៍។ មាននូវការចាក់វ៉ាក់សាំងកូវីដ១៩បន្ថែម ហើយរាល់ការចូលក្នុងបរិវេនសាលា គឺត្រូវមានប័ណ្ឌវាក់សាំងភ្ជាប់ជាមួយ។ ក្រៅពីនេះ សុវត្ថិភាពចំណីអាហារក៏ជារឿងសំខាន់ផងដែរ។ សិស្ស និងបុគ្គលិកអប់រំត្រូវមានទំនួលខុសត្រូវចំពោះអនាម័យអាហារហូបចុករៀងៗខ្លួន ដោយការចម្អិនអាហារដោយខ្លួនឯង។ ចំណុចចុងក្រោយ ជាការថែទាំសុខភាពផ្លូវចិត្តជាប្រចាំដើម្បីឆ្លើយតបនឹងស្ថានការណ៍ដ៏តឹងតែងនេះ តាមរយៈការស្វែងរកជំនួយ និងការសម្រាកឲ្យបានគ្រប់គ្រាន់ជាដើម។
គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣១ សីហាកន្លងទៅបានចេញសារណែនាំមួយដោយបញ្ជាក់ពីការអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញតាមបណ្តារាធានីខេត្តដែលមានកម្រិតហានិភ័យឆ្លងតិចតួច។ យ៉ាងណាមិញ នៅថ្ងៃទី៩ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ អនុញ្ញាតឲ្យសាលារដ្ឋនិងសាលាឯកជន បើកដំណើរការឡើងវិញ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញាទៅដោយអនុវត្តន៍តាមស្តង់ដារប្រតិបត្តិត្រឹមត្រូវ៕
មតិយោបល់