ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំបានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំបានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីផ្ដល់ឱកាសឱ្យកុមារចូលសិក្សាថ្នាក់បឋមសិក្សាឡើងវិញបាន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការ ការចាក់វ៉ាក់សាំងជូនកុមារមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នាពេលនេះ បន្ទាប់ពីដំណើរការចាក់វ៉ាក់សំាងជូនកុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ជិតសម្រេចទៅតាមផែនការគ្រោងទុក ខណៈដែលការចាក់វ៉ាក់សាំងចំពោះកុមារ គឺមានសារៈសំខាន់ណាស់ដើម្បីផ្តល់លទ្ធភាពឱ្យកុមារអាចចូលរៀនវិញបាន។ សម្តេចតេជោ មានប្រសាសន៍បន្តថា ការផ្តល់ជូនវ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំទៅ១២ឆ្នាំនេះ គឺអនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេស ដោយបើកយុទ្ធនាការចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងត្រូវប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ដើម្បីជួយឱ្យ កុមារមានប្រព័ន្ធភាពសុំានៅក្នុងសារពាង្គកាយ ជាពិសេសអាចឈានទៅបើកសាលាបឋមសិក្សាឡើងវិញនាពេលឆាប់ៗខាងមុខ ។

សំឡេង ៖ « ឥឡូវយើងបើកយុទ្ធនាការបន្ត ដោយចាប់ផ្ដើមពីអាយុ៦ឆ្នាំទៅ១២ឆ្នាំ ហើយការបើកយុទ្ធនាការនេះទៀតសោត យើងត្រូវធ្វើនៅក្របខ័ណ្ឌទូទាំងប្រទេស ឯថ្នាក់ជាតិយើងបើកនៅក្នុងវិមានសន្តិភាព ដូចយើងចាក់ឱ្យកុមារនិងយុវវ័យ កាលពីពេលមុន នោះដែរ ហើយបន្ទាប់ពីនោះខ្ញុំនឹងមានការធ្វើសន្និសីទសារព័ត៌មាន ដូច្នេះសូមអ្នកពាក់ព័ន្ធជាពិសេសផ្នែកសុខាភិបាល ក៏ដូចជា គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស ក៏ដូចជាអនុគណៈកម្មការចាក់វ៉ាក់សាំងនៅតាមរាជធានី-ខេត្ត ត្រូវធ្វើការប្រុងប្រៀបដើម្បីរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ៦ឆ្នាំ ទៅដល់១២ឆ្នាំ ដែលមានជាង១លាន៨សែននាក់ ឬជិត១លាន៩សែននាក់នេះ ត្រូវចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ ដូច្នេះពេលវេលាយើង មិនមែនជាបញ្ហាធំធេងនោះទេ ដោយសារយើងមានក្រុមគ្រូពេទ្យ យើងមានវ៉ាក់សាំងនៅតាមមូលដ្ឋានរួចស្រេចទៅហើយ គឺត្រូវប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ការចាក់ ដូច្នេះសូមឱ្យមានការរៀបចំ» ៕

ប្រភព៖​​​​​​ AKP

 

មតិយោបល់