ដើម្បីឲ្យសួតមានសុខភាពល្អ មនុស្សតែងតែជៀសវាងការជក់បារី ពាក់ម៉ាស់ និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ព្រោះសួតគឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សយើងណាស់ដែលត្រូវថែទាំឲ្យបានល្អបំផុត។ លោកអ្នកដឹងទេថា តើមានអាហារអ្វីខ្លះដែលជំនួយដល់សុខភាពសួត? ទាំងនេះគឺជាអាហារដែលល្អសម្រាប់សុខភាពសួតដែលមានដូចជា៖
១. ល្ពៅ៖ សាច់ល្ពៅផ្ទុកនូវជីវជាតិយ៉ាងសម្បូរបែបដែលជំនួយដល់សុខភាពសួតដូចជា Carotenoid, beta carotene, lutein, zeaxanthin ដែលមានមុខងារប្រឆាំងនឹងការរលាក។
២. ល្មៀត៖ Curcumin ជាសារធាតុចម្បងដែលមាននៅក្នុងល្មៀត ដែលមានមុខងារជួយទ្រទ្រង់ដល់សួតឲ្យមានសុខភាពល្អ និងធ្វើការបានល្អ។ ការសិក្សាលើមនុស្សចំនួន ២៤៧៨ នាក់បានបញ្ជាក់ថា ការពិសារជាតិ Curcumin ច្រើនដែលមាននៅក្នុងល្មៀតនេះជួយដល់សុខភាពសួតបានល្អជាងអ្នកដែលពិសារតិច។
៣. ប៉េងប៉ោះ៖ នៅក្នុងប៉េងប៉ោះមានផ្ទុកនូវសារធាតុ lycopene ដែលជាសារធាតុកាត់បន្ថយការរលាកនៅក្នុងរាងកាយ និងជួយទ្រទ្រង់សុខភាពសួតបានយ៉ាងល្អ។
៤. តែបៃតង៖ តែបៃតងគឺជាភេសជ្ជៈដែលជំនួយដល់សុខភាពរាងកាយជាច្រើនដូចជា បេះដូង សួតជាដើម។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកហើយមានសមត្ថភាពប្រឆាំងនឹងជំងឺទាក់ទងនឹងសួត។
៥. ស្ពៃក្ដោបពណ៌ស្វាយ៖ ស្ពៃក្ដោបពណ៌ស្វាយផ្ទុកនូវសារធាតុ anthocyanins ដែលមានមុខងារជួយបង្កើនសមត្ថភាពសួតក្នុងការបំពេញមុខងាររបស់វា។
ប្រភេទអាហារដែលបានរៀបរាប់ខាងលើនេះសុទ្ធសឹងតែជាប្រភេទអាហារដែលផ្ដល់សុខភាពល្អដល់សួតរបស់យើង ដូច្នេះប្រសិនបើបងប្អូនដែលចង់រក្សាសួតឱ្យមានសុខភាពល្អកុំភ្លេចប្រភេទអាហារខាងលើនេះ៕
មតិយោបល់