ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសហូឡង់ លាលែងចេញពីតំណែង ក្រោយរងការរិះគន់ពាក់ព័ន្ធនឹងការជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថាន

(ហូឡង់)៖ រដ្ឋមន្ត្រីការបរទេសហូឡង់ លោកស្រី Sigrid Kaag បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីសភាថ្កោលទោស ជាផ្លូវការចំពោះការដោះស្រាយបញ្ហាជម្លៀសមនុស្សពីអាហ្វហ្កានីស្ថានរបស់លោកស្រី។

ការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោកស្រី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Dominic Raab ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការបរទេស អង់គ្លេស ដោយសារមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍អាហ្វហ្កានីស្ថានដូចគ្នា។

«នៅក្នុងទស្សនៈរបស់ខ្ញុំចំពោះលទ្ធិប្រជាធិបតេយ្យ និងវប្បធម៌នៃរដ្ឋបាលរបស់យើង ក្នុងនាមជារដ្ឋមន្ត្រីម្នាក់ត្រូវតែលាលែងចេញពីតំណែង ប្រសិនបើគោលនយោបាយ របស់យើងដែលដាក់ចេញឱ្យអនុវត្ត ត្រូវបានច្រានចោល។ ខ្ញុំសម្រេចចិត្តដាក់លិខិតលាលែងចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសទៅកាន់ព្រះមហាក្សត្រ»។ នេះជាការលើកឡើងរបស់លោកស្រី Sigrid Kaag៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់