ព័ត៌មានជាតិ

សំរាប់អ្នក​កំពុង​ពត់​ធ្មេញ គួរ​យល់ដឹងអំពីវិធីសម្អាត​ធ្មេញ​

ធ្មេញ​ស្អាត​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់គ្នា ហេតុនេះហើយ​បានជា​មនុស្ស​មួយចំនួនដែលមានធ្មេញ​មិន​ត្រង់​ស្អាត​បាន​ចំណាយពេល និង​ប្រាក់កាស ដើម្បី​ធ្វើការ​ព្យាបាល​ធ្មេញ​ឱ្យមក​ត្រង់​ស្អាត​វិញ តាមរយៈ​ការពត់​ធ្មេញ។ បន្ទាប់ពី​បានធ្វើការ​ពត់​ធ្មេញ លោកអ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ថា ធ្មេញ​របស់​អ្នកមាន​ភាពល្អប្រសើរ​ជាង​មុន ប៉ុន្តែ​នៅក្នុង​អំឡុងពេល​នៃ​ការ​ពុត​ធ្មេញ យើង​ក៏​ជឿ​ដែរ​ថា មាន​ប្រិយមិត្ត​មិនតិច​ទេ​ ដែល​រអ៊ូរទាំ​រឿង​ការពិបាក​ក្នុងការ​សម្អាត​ធ្មេញ។ បាន​ហើយ! ឈប់​បារម្ភ​ទៀត​ទៅ ហើយ​ងាក​មក​សាកល្បង​ធ្វើការ​សម្អាត​ធ្មេញ​តាមរយៈ​ការណែនាំ​មួយចំនួន​ដូចតទៅ​វិញ ៖

  • ដំបូង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​ពិតជា​បាន​ដុស​សម្អាត​ធ្មេញ​រាល់ពេល​បន្ទាប់ពី​ទទួលទាន​អាហារ​រួច។
  • មុនពេល​ចាប់ផ្តើម​ដុសធ្មេញ ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យបាន​សព្វ ដើម្បី​ជួយ​បន្ធូរ​កម្ទេច​អាហារ​ដែលមាន​នៅក្នុង​មាត់​កុំឱ្យ​តោង​ជាប់​ខ្លាំងពេក។

ពេល​ដុសធ្មេញ: ការ​ដុសធ្មេញ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ​ត្រូវ​អនុវត្តតាម​ការណែនាំ​ដូចតទៅ ៖
ធ្មេញ​មុខ: ចាប់ផ្តើម​ដុស​ផ្នែក​ខាងមុខ​នៃ​ធ្មេញ​ពីលើ​ចុះមក​ក្រោម រួច​ក៏​បន្តទៅ​ដុស​ផ្នែក​ខាងក្នុង​វិញ​ម្តង។
ធ្មេញ​ក្រោម: ត្រូវ​ដុស​ក្នុងទិសដៅ​ពីក្រោម​ឡើង​ទៅលើ រួច​ក៏​សំដៅ​ទៅដល់​ផ្នែក​ខាងក្នុង​ដូច​មុន​ដែរ។

  • បន្តទៅ​កន្លែងផ្សេងៗទៀត​នៃ​ធ្មេញ​របស់​អ្នក​ដូចជា ធ្មេញ​ថ្គាម ទាំង​ផ្នែក​ខាងលើ ខាងក្រៅ និង​ខាងក្នុង ប៉ុន្តែ​សូម​ចងចាំ​ថា រាល់ពេល​ដុសធ្មេញ ជាពិសេស​ធ្មេញ​មុខ​ទាំង​លើ​ទាំង​ក្រោម អ្នក​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​ខ្សែ​ពត់​ធ្មេញ​ញឹកញាប់​ពេក ហើយ​អ្នក​គួរតែ​ប្រើ​ជំនួយ​ពី​អណ្តាត ដើម្បី​ទប់​ថ្នាំដុសធ្មេញ​ឱ្យ​ជាប់​នឹង​ធ្មេញ ហើយក៏​ដើម្បី​ការពារ​ការ​ជ្រុះ​ធ្លាក់​នៃ​ខ្សែ​ពត់​ធ្មេញ​ដែល​នៅលើ​ធ្មេញ​របស់​អ្នក​ផងដែរ។
  • ខ្ពុរ​សម្អាត​មាត់​ធ្មេញ​របស់​អ្នក​ម្តងទៀត​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់ពី​ដុសធ្មេញ​រួច។
  • បើទោះជា​ក្នុងពេល​ពត់​ធ្មេញ​ក៏ដោយ ក៏​ការ​ទាក់​សម្អាត​ធ្មេញ​ដោយ​ខ្សែ​សម្អាត​ធ្មេញ​នៅតែមាន​ភាព​សំខាន់​ក្នុង​ការជួយ​ឱ្យ​ធ្មេញ​ស្អាត​បាន​យ៉ាង​ល្អ​ដែរ ដូច្នេះ​សូម​បន្តធ្វើ​វា​ទៀត​ចុះ។

អ្នកជំនាញ​បានធ្វើ​ការណែនាំ​ឱ្យ​សម្អាត​ធ្មេញ​រយៈពេល​យ៉ាងតិច2នាទី ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ គួរតែ​ចំណាយពេល​ឱ្យ​ច្រើនជាង​នេះ​បន្តិច​ក្នុងការ​ដុសធ្មេញ ដើម្បី​ទទួលបាន​លទ្ធផល​ដែល​ប្រសើរ​ជាង​មុន៕

មតិយោបល់