ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលីថាមិនស្ដាយឡើយ ដែលលុបចោលកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីបារាំង ព្រោះធ្វើដើម្បីប្រយោជន៍ជាតិ

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអាទិត្យនេះបានចេញមុខការពារការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹកពីបារាំង ដោយបញ្ជាក់ថាលោកមិនស្ដាយក្រោយអ្វីឡើយ

លោក ម៉ូរីស បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនមានការសោកស្ដាយអ្វីទេ ក្នុងការសម្រេចចិត្តដែលតម្កល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលីមុនគេ»។ លោកបន្ថែមទៀតថា រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹក ទៅជជែកជាមួយបារាំងអស់រយ:ពេលជាច្រើនខែ មកហើយតាមរយ:ការរៀបចំ កិច្ចប្រជុំជាច្រើនក្នុងនោះរួមមានទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិផងដែរ។

ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃជាង ៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group កាលពីឆ្នាំ២០១៦ ដោយភាគី អូស្ត្រាលី កើតមានឡើងបន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយដែលតាមរយ:សម្ព័ន្ធភាពនេះ អាមេរិក និងអូស្ត្រាលី នឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ បារាំងបានហៅការបង្កើតសម្ព័ន្ធភាពនេះថាជាការលួចចាក់ខ្លួនពីក្រោយខ្នង ហើយវាកំពុងធ្វើឱ្យ ទំនាក់ទំនងរវាងអាមេរិក អូស្ត្រាលី ជាមួយបារាំងល្អក់កករនឹងគ្នា៕

ប្រភព៖ AFP

 

មតិយោបល់