ព័ត៌មានជាតិ

បារាំងទាមទារសំណងពីអូស្ត្រាលី ជុំវិញការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក

(ប៉ារីស)៖ ក្រុមហ៊ុនផលិតនាវាមុជទឹកបារាំង Naval Group បានឱ្យដឹងថាខ្លួននឹងផ្ញើវិក្កយបត្រឱ្យអូស្ត្រាលីក្នុងពេលឆាប់ៗនេះ ជាមួយការរំពឹងថាទីក្រុងកង់បេរ៉ា នឹងផ្ដល់សំណង ជុំវិញការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារាំង Le Figaro នៅថ្ងៃពុធ ទី២២ ខែកញ្ញានេះ នាយកប្រតិបត្តិក្រុមហ៊ុន Naval Group លោក Pierre Eric Pommellet បាននិយាថាវិក្កយបត្រទូទាត់សំណងខាងលើនឹងត្រូវផ្ញើឱ្យអូស្ត្រាលី នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ បើតាមលោក Pommellet អូស្ត្រាលីជាអ្នកលុបចោល កិច្ចព្រមព្រៀងមុន ដូច្នេះវាមិនមែនជាកំហុសរបស់ភាគីបារាំងនោះទេ។

អូស្ត្រាលីកាលពីឆ្នាំ២០១៦ បានយល់ព្រមទិញនាវាមុជទឹកដើរថាមពលឥន្ធនៈធម្មតាពីក្រុមហ៊ុនបារាំង Naval Group ចំនួន១២គ្រឿងក្នុងតម្លៃ ៣៦.៥ពាន់លានដុល្លារ តែក្រោយការវាយតម្លៃឡើងវិញនាវាមុជទឹកទាំងនេះមានតម្លៃដល់ទៅ ៦៥ពាន់លានដុល្លារ។

ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីបារាំងកើតមានឡើង បន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលីកាលពីសប្ដាហ៍មុនបានប្រកាសបង្កើត សម្ព័ន្ធយោធាត្រីភាគីថ្មីមួយឈ្មោះ AUKUS ដែលតាមរយៈសម្ព័ន្ធភាពនេះអាមេរិក និងអង់គ្លេសនឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពខ្ពស់ជាងឆ្ងាយ ធៀបទៅនឹងនាវាមុជទឹកដែលបញ្ជាទិញពីបារាំង៕

ប្រភព៖​​​​​​ Le Figaro

មតិយោបល់