ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបាន ប្រមាណ៣.២១០តោន ក្នុង១រដូវ ហើយជាទូទៅសហគមន៍អាច ប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យារពេលតិចតួច ដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។
ថ្លែងក្នុងផ្សព្វផ្សាយផលិតផលគ្រំចំពុះទានេះ នៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបរិស្ថានបានលើកទឹកចិត្តដល់សហគមន៍បង្កើនការចិញ្ចឹមគ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរឡើង។ ឯកឧត្តម មានប្រសាសន៍ថា គ្រំចំពុះទាល្បីល្បាញឈ្មោះនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់កម្ពុជា វិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននៅឡើយទេ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា នៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃគ្រំចំពុះទា។ លោកបន្តថា បច្ចុប្បន្ន គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា កំពុងគាំទ្រដើម្បីផ្សព្វផ្សាយ និងបង្កើតទីផ្សារក្នុងស្រុកជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងបានជាមួយផលិតផលនាំចូល ក្នុងការផ្គត់ផ្គង់តាមផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់នៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។
កញ្ញា ផល ចរិយា នាយកប្រតិបត្តិផ្សារស្នាដៃម៉ែ បានគាំទ្រតាមរយៈចូលរួមដាក់លក់ និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក្នុងស្រុក ដើម្បីលើកស្ទួយផលិតផលមួយនេះ បន្ទាប់ពីមើលឃើញថា កន្លងមកទីផ្សារលក់គ្រំចំពុះទាមិនទាន់ទូលំទូលាយនៅឡើយ។
គ្រំចំពុះទា គេអាចយកទៅកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្ល ខ្ទិះដូង ឆាគ្រឿង កែង ជាដើម៕
ប្រភព៖ AKP
មតិយោបល់