ព័ត៌មានជាតិ

អុញនោះ! សាកថ្មទូរសព្ទសោះ បែរជាឆេះបន្ទប់ក្នុងសណ្ឋាគារ Angkor Panoramic Hotel ផ្អើលក្រុងសៀមរាប!

សៀមរាបៈ លោកអធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបឆេះក្នុងបន្ទប់លេខ៤១០ ជាន់ទី៣ នៃសណ្ឋាគារ Angkor Panoramic Hotel ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជារឲ្យនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ សហការជាមួយនគរបាលក្រុងសៀមរាប និងនគរបាលការិយាល័យចរាចរណ៍សៀមរាប ចេញជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២រថយន្ត ហើយអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១២ និង៥០នាទីរសៀល។

លោកអធិការរងក្រុងសៀមរាប បានបញ្ជាក់ពីមូលហេតុ ឆ្លងចរន្តអគ្គិសនី ផ្តើមចេញពីឧបករណ៍សាកទូរសព្ទ ដែលនៅក្បែរគ្រែ បណ្តាលឲ្យឆាបឆេះតែម្តង។ សម្ភារៈខូចខាតរួមមាន៖ ទូរទស្សនចំនួន១គ្រឿង(ស្តើង/៣២អ៊ីង),គ្រែនិងពូក ចំនួន១ឈុត, ម៉ាស៊ីនត្រជាក់១គ្រឿង និងឆ្នាំងសាកទូរសព្ទ១គ្រឿង។

ចំពោះករណីនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ព្រោះភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់ បានចេញទៅដើរកម្សាន្ត មុនពេលកើតហេតុ៕

មតិយោបល់