ព័ត៌មានជាតិ

សហភាព​មី​យ៉ាន់​ម៉ា​​ប្រឈមនឹង​ការធ្លាក់​ចូល ក្នុង​សង្គ្រាមស៊ីវិល ខណៈ​ដែល​ការបះបោរ​ប្រឆាំង​​កំពុង​រីក​រាលដាល​ខ្លាំង​

ប្រមុខ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​ សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈមនឹង​ការធ្លាក់​ចូល ក្នុង​សង្គ្រាមស៊ីវិល​ដែល​កំពុង​កើនឡើង ខណៈ​ដែល​ការបះបោរ​ប្រឆាំង​នឹង​របប​យោធា​កំពុង​រីក​រាលដាល​ខ្លាំង​។

​លោកស្រី Michelle Bachelet បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា ​ពេលវេលា​ជិត​អស់ហើយ សម្រាប់​ប្រទេស​ដទៃទៀត​ក្នុងការ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​ការពារ​កុំ​ឱ្យមាន​ជម្លោះ​កាន់តែ​រីក​ធំ​។ ​សហភាព​មី​យ៉ាន់​ម៉ាបាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​លោកស្រី​ អ៊ុង​សាន ​ស៊ូ​ជី ត្រូវបាន​យោធា​ទម្លាក់​ចេញពី​អំណាច​កាលពី​ខែកុម្ភៈ ដែល​បង្កឱ្យមាន​ការបះបោ​រ​ទូទាំងប្រទេស ដែល​របប​យោធា​បាន​ព្យាយាម​លុបបំបាត់ ​រហូត​ឈានដល់​កា​រប​ង្ក្រា​ម​ដោយ​ហិង្សា​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ​១០០០​នាក់​ស្លាប់ និង​រាប់ពាន់នាក់​ត្រូវបាន​ឃុំខ្លួន​។​

​ការវាយប្រហារ​ទៅលើ​កងទ័ព​បាន​កើនឡើង ​ចាប់តាំងពី​សមាជិកសភា​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​ក្រុម​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ឱ្យមាន​ “សង្គ្រាម​ការពារ​ប្រជាជន​” កាលពី​ដើមខែ​នេះ​។​ ​លោកស្រី Bachelet បាន​និយាយថា​ ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​យ៉ាប់យ៉ឺន​គួរឱ្យកត់សម្គាល់​ដោយសារ​រដ្ឋប្រហារ ដែល​បាន​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស និង​ក្តីសង្ឃឹម​នៅ​ទូទាំងប្រទេស។​ ​លោកស្រី​បាន​បន្ថែមថា​ “ជម្លោះ ភាពក្រីក្រ និង​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សកលកំពុង​កើនឡើង​យ៉ាងខ្លាំង ហើយ​ប្រទេស​នេះ​ប្រឈម​នឹង​ការគាបសង្កត់ អំពើហិង្សា និង​ការដួលរលំ​សេដ្ឋកិច្ច​៕

មតិយោបល់