កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បត្តិ៍ ០២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ករណីអំពើលួច (កាបូប) ចំណុចភូមិ អន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ លី ហួង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ០៩ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់៖ –កាបូបចំនួន០១ ក្នុងកាបូបមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក, -ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក
-កាតទិញទំនិញ០២សន្លឹក, -ទូរស័ព្ទ១គ្រឿង ម៉ាក់ Iphone 12 Pro Max ។
ជនសង្ស័យឈ្មោះ លី សុខលាង ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាហ្វេអាម៉ាស៊ូន មានទីលំនៅភូមិកញ្ចិល ឃុំ កំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន ឃាត់ខ្លួន នៅថ្ងៃទី១៨.០៩.២០២១ ម៉ោង០៧ព្រឹក ជនរងគ្រោះ និងគ្រួសារបានជិះរថយន្តទៅលេងស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ពេលជិះរថយន្តមកដល់ការ៉ាសសាំង PTT ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល តាកុងរថយន្តក៏ចូលចាក់សាំង រីឯជនរងគ្រោះបានចុះពីរថយន្តដើរចូលទៅបន្ទោបង់នៅបន្ទប់ទឹក ដោយមានកាន់កាបូបដៃពណ៌ខៀវទៅជាមួយ ហើយកាបូបដៃនេះព្យួរនៅក្បែរមាត់ទ្វារក្នុងបន្ទប់ទឹក ពេលបន្ទោបង់រួច ជនរងគ្រោះក៏ដើរមកឡើងរថយន្តជិះ ដោយភ្លេចយកកាបូបដៃរបស់ខ្លួនមកជាមួយ ទើបទៅដល់ផ្សារស្នាយពល ស្រុកពារាំង ជនរងគ្រោះរកទូរស័ព្ទ ដែលទុកនៅក្នុងកាបូបដៃនោះ មកបើកមើលទើបដឹងថា ខ្លួនភ្លេចកាបូបដៃនោះនៅក្នុងបន្ទប់ទឹកក្នុងការ៉ាសសាំង PTT ជនរងគ្រោះក៏ត្រឡប់មកការ៉ាសសាំង PTT វិញដើរទៅរកកាបូបដៃខ្លួននៅបន្ទប់ទឹកតែមិនឃើញ ក៏ទៅសួរអ្នកធ្វើការក្នុងការ៉ាសសាំងនេះ តែគ្មានអ្នកណាឆ្លើយថា បានឃើញកាបូបជនរងគ្រោះឡើង ក្នុងនោះជនសង្ស័យក៏ឮជនរងគ្រោះសួរនាំដែរ តែជនសង្ស័យមិនឆ្លើយ ។ ជនរងគ្រោះបានទៅជួបមេការ និងប្រាប់មេការថា បើមានអ្នកណារកកាបូបឃើញ ជនរងគ្រោះឲ្យសាគុណ ចំនួន ២០០ដុល្លា ។
ដល់ថ្ងៃទី ២០.០៩.២០២១ ម៉ោង ០៨ព្រឹក មេកាបានឆែកកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យបានកាន់កាបូបរបស់ជនរងគ្រោះ ដែលភ្លេចក្នុងបន្ទប់ទឹកនោះ យកមកលាក់ទុក មិនបានប្រាប់មេកាឡើយ បន្ទាប់មកមេកាបានសួរនាំជនសង្ស័យ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរើសយកកាបូបដៃនោះមែន តែខ្លួនបានយកទៅប្លុងចោលនៅក្នុងបន្ទប់ទឹកនោះវិញ ។
ដល់នៅថ្ងៃទី ២៣.០៩.២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល សូមឲ្យអនុវត្តតាមនីតិវិធី សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ជនសង្ស័យ មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរើសកាបូបនោះមែន ហើយខ្លួនបានយកទៅទុកនៅផ្ទះរបស់ខ្លួនមួយយប់ ក្រោយមកខ្លួនបានយកកាបូបនោះ ទៅប្លុងចោលនៅក្នុងបន្ទប់ទឹកការ៉ាសសាំង PTT នោះវិញ ៕
មតិយោបល់